(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៤ របស់រាជធានីភ្នំពេញ ពេលនេះកំពុងដំណើរការយ៉ាងរលូន។
របាយការណ៍ក្រសួងការពារជាតិ បានឱ្យដឹងថា រយៈពេល២ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៤ នៅរាជធានីភ្នំពេញ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតំបន់ក្រហម បានចំនួន ៥៧,៣១៣នាក់ (ស្រី ២៩,៥០៣នាក់)។ សម្រាប់ខណ្ឌមានជ័យ ចាក់បាន ១៣,០៦៣នាក់ ខណ្ឌដង្កោ ចាក់បាន ១២,៤៧១នាក់ ខណ្ឌកំបូល ចាក់បាន ១៣,១៨៨នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៨,៥៩១នាក់។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ, ក្រសួងការពារជាតិ មានផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅតំបន់ក្រហមឱ្យបានរួចរាល់ នៅអំឡុងខែឧសភា ឆ្នាំ២០២១នេះ។ លោកបាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះទាំងអស់ កុំមានការព្រួយបារម្ភខ្លាចអស់វ៉ាក់សាំង ដោយរាជរដ្ឋាភិបាលបានត្រៀមវ៉ាក់សាំងរួចរាល់ហេីយ ដេីម្បីផ្គត់ផ្គង់ដល់យុទ្ធនាការនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ធ្លាប់បានលើកឡើងថា ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានចែកចេញជា៩០ក្រុម ដើម្បីអនុវត្តការចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅយុទ្ធនាការនេះ។ សម្តេចបានផ្តល់អនុសាសន៍ឱ្យពេទ្យកងទ័ព ចុះទៅចាក់វ៉ាក់សាំងដល់តំបន់ដែលប្រជាពលរដ្ឋរស់នៅ។
សម្តេចបានបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រូពេទ្យ និងក្រុមការងារទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ចូលរួមបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ នៅគ្រប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល សម្រេចជោគជ័យតាមផែនការគ្រោងទុក។
សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, អនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៤ ក្នុងរាជធានីភ្នំពេញ ដោយមានការរួមសហការជាមួយក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តផែនការនេះឱ្យបានសម្រេចយ៉ាងឆាប់រហ័ស។
បើតាមរបាយការណ៍ ប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៤នេះ មានចំនួនជាង៤០ម៉ឺននាក់ ខណៈដែលរាជរដ្ឋាភិបាល ត្រៀមវ៉ាក់សាំងចំនួន ៩០០,០០០ដូស ក្នុងនោះ ស៊ីណាវ៉ាក់ (SINOVAC) ចំនួន៥០០,០០ដូស និងស៊ីណូហ្វាម (SINOPHARM) ចំនួន ៤០០,០០០ដូស៕