(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកម្មពិសេស បានអញ្ជើញសំណេះសំណាល និងចែកអំណោយកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមខ្វះខាត ចំនួន ៥០០គ្រួសារ រស់នៅសង្កាត់ច្រាំងចំរេះ១ និងច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងនោះដោយធ្វើការផ្តល់ជូនពីរទីតាំងផ្សេងគ្នា នៅបរិវេណព្រះវិហារឥស្លាមគីឡូម៉ែត្រលេខ៩ និងព្រះវិហារគីឡូលេខ៨ ដោយទីតាំងនីមួយៗ មានតំណាង ៣០នាក់ មកទទួលជានិមិត្តរូប។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី Ayda Unlü ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា, លោកស្រី ម៉ាន ណាវី សមាជិករដ្ឋសភា និងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
អំណោយទាំងនេះ ទទួលបានការឧបត្ថម្ភពី ទីភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍន៍តួកគី (TIKA) នៃប្រទេសតួកគី តាមរយៈលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការរៀបចំជាមួយសមាគមសម្ព័ន្ធយុវជនមនុស្លិមកម្ពុជា។
ក្នុងកញ្ចប់អំណោយនីមួយៗ មាន អង្ករ១០គីឡូក្រាម មី២៥កញ្ចប់ ទឹកដោះគោ ២កំប៉ុង ស្កសរ ២គីឡូក្រាម ទឹកក្រូច ១ដប ចំណុះ ១.៥លីត្រ និង ប្រេងឆា ១លីត្រ។
លោកស្រីអគ្គរាជទូត បានអបអរសាទរដល់ការប្រារព្ធពិធីបួសរ៉ាម៉ាឌននៅកម្ពុជា ព្រមទាំងបានបញ្ជាក់ថា ការបរិច្ចាគ និងការចូលរួមគ្រប់សកម្មភាពមនុស្សធម៌ គឺជាទង្វើកុសលដែលល្អ ហើយកាន់តែត្រូវកសាងនៅក្នុងខែពិសិដ្ឋរ៉ាម៉ាឌននេះ។ ក្នុងនាមរដ្ឋាភិបាលតួរគី ពិតជារីករាយ នឹងបន្តកិច្ចសការសកម្មភាពមនុស្សធម៌ និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យចាំបាច់នានា ឲ្យកាន់តែសកម្មថែមទៀត។
ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងការកោតសរសើរដល់រដ្ឋាភិបាលប្រទេសតួរគី ដែលជានិច្ចកាលតែងតែចូលរួមផ្តល់ជំនួយ សកម្មភាពនានា ក្នុងនោះមានអង្គការ Tika និងមូលនិធិឌីយ៉ាណេត ដែលបាននិងកំពុងចូលរួមសកម្មក្នុងសកម្មភាពមនុស្សធម៌។
សូមជម្រាបថា សម្រាប់ខែរ៉ាម៉ាឌន នៅឆ្នាំ២០២១ នេះ TIKA បានឧបត្ថម្ភជាកញ្ចប់អាហារចំនួន ៩០០កញ្ចប់ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រ នៅរាជធានីភ្នំពេញ ៥០០គ្រួសារ (៣០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ១ និង ២០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ២) និង តាមបណ្តាខេត្ត ៤០០គ្រួសារ៕