(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋខ្មែរ នៅប្រទេសអូស្ត្រាលី តាមរយៈលោកទេសរដ្ឋមន្រ្តី លី ធុជ បានប្រគល់នូវគ្រឿងឧបភោគបរិភោគជូន លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចូលរួមចែករំលែក ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងទទួលរងគ្រោះដោយសារកូវីដ-១៩ និងកំពុងរស់នៅតាមតំបន់បិទខ្ទប់ ទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។
គ្រឿងឧបភោគបរិភោគនេះ ឧបត្ថម្ភដោយសមាគមន៍ Australasian Business Association Inc (ABA) ដែលមានលោក Jason Sara ជាប្រធាន លោក Tee Tan អនុប្រធាន រួមជាមួយបងប្អូនជាអនុប្រធាន សមាជិកក្រុមការងារសមាគមន៍ ABA និងប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងម៉ែលប៊ន រដ្ឋវិចតូរីយ៉ា ប្រទេសអូស្រ្តាលី រួមមាន៖ ត្រីខកំប៉ុង ៥០ កេស, អង្ករ ៨ តោន, ទឹកត្រី ៤០០យូរ និងទឹកស៊ីអ៊ីវ ៤០០យូរ ព្រមទាំងមានការចូលរួមពី លោកស្រី ប៊ុត រតនា នាយិកាមូលនិធិ Sir Bobby Charlton មីជាតិចំនួន ១០០ កេស។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានកៀរគរបងប្អូនខ្មែរនៅក្រៅប្រទេស រួមជាមួយនឹងកម្លាំងកាយចិត្ត កម្លាំងចិត្ត និងថវិកាផ្ទាល់ខ្លួន ក្នុងការស្វែងរកស្បៀង ដែលជាជំនួយសង្គ្រោះបឋម ដើម្បីមកជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលបាននឹងកំពុងរង ផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ នៅក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលនាពេលនេះ។
អំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងចូលរួមចំណែកពីសំណាក់ លោក លោកស្រី ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកនេះ ។
ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តមេត្តាធម៌ និងការសន្តោសប្រណីរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ចូលរួមជួយដល់បងប្អូនជនរួមជាតិ តាំងពីសម័យសង្រ្គាមរហូតដល់ទទួលបានសុខសន្តិភាព ក៏ដូចជាបច្ចុប្បន្ននេះ បានជួយសង្រ្គោះ និងសម្រាលទុក្ខការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះខាតដោយសារការរីករាលជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសមាគម ABA និងបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅអូស្រ្តាលី ក៏ដូចជាសប្បុរសជនដទៃទៀត ដែលបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគ បរិភោគជូនដល់ប្រជាពលរដ្ឋរាជធានីភ្នំពេញ កំពុងជួបការលំបាកដោយសារជំងឺឆ្លងកូវីដ-១៩នេះ។
លោកបានបន្តទៀតថា ការឧបត្ថម្ភស្បៀងនេះ ពិតជាបានឆ្លើយតបនឹងតម្រូវការចាំបាច់ សម្រាប់ដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្វះខាត ក្នុងគ្រាដែលប្រទេសកំពុងជួបបញ្ហាបែបនេះ ហើយក៏ជាការបង្ហាញអំពីទឹកចិត្តដ៏សប្បុរស និងសណ្តានចិត្តចូលរួមសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងនិងក្រៅប្រទេស «ខ្មែរជួយខ្មែរ» ដើម្បីរួមសាមគ្គីគ្នា ជួយជ្រោមជ្រែងទៅដល់ការឆ្លើយតប ទៅនឹងវិធានការការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ផងដែរ ហើយប្រជាពលរដ្ឋខែ្មររស់នៅអូស្ត្រាលី បានគាំទ្រការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា សមាគមន៍ Australasian Business Association Inc (ABA) និងប្រជាជនខ្មែររស់នៅទីក្រុងម៉ែលប៊ន បានរៀបចំកម្មវិធីសប្បុរសធម៌ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ប្រជាជនខ្មែរដែលរងគ្រោះដោយជំងឺកូវីត-១៩ និងជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕