(កំពង់ឆ្នាំង)៖ ស្រ្តីម្នាក់ត្រូវបានមន្រ្តីសុខាភិបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា បានស្លាប់ជាមួយលទ្ធផលវិជ្ជមានកូវីដ១៩ ខណៈកូនប្រុសស្រីរបស់គាត់២នាក់ទៀត ក៏រកឃើញវិជ្ជមានកូវីដផងដែរ ក្រោយធ្វើតេស្តរួច។ ស្ត្រីរងគ្រោះដែលស្លាប់នោះមានឈ្មោះ សូ ហៀង អាយុ៥៨ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិរនុក ឃុំត្រងិល ស្រុកកំពង់លែង រីឯកូនប្រុសស្រី២នាក់ទៀតគឺកូនប្រុសឈ្មោះ ប៉ោង ប៊ុនប៉ោ អាយុ២៩ឆ្នាំ និងកូនស្រីឈ្មោះ ប៉ោង ហ៊ុន អាយុ២៧ឆ្នាំ។
នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ មានអ្នកជម្ងឺ៣នាក់ម្តាយ និងកូន ត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង រកឃើញថា មានវិជ្ជមានកូវីដ១៩ ក្រោយតេស្ត២ដងតាមឧបករណ៍តេស្តរហ័ស។ ពួកគេទាំង៣នាក់ បានចេញដំណើរពីភ្នំពេញតាមម៉ូតូកង់៣ទៅខេត្តកំពង់ឆ្នាំង នេះបើតាមការបញ្ជាក់ពីអ្នកជំងឺទាំង ៣នាក់ម្តាយ និងកូន។
មុនទទួលមរណភាពស្រ្តីរងគ្រោះ និងកូនទាំង២នាក់ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ពួកគាត់បានចាកចេញពីស្រុកកំណើតទៅធ្វើការនៅភ្នំពេញជាង១ឆ្នាំហើយ ដោយស្នាក់នៅក្រោយសាលាប៊ែលធីផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
គាត់បានបន្តថា ៣ថ្ងៃមុន គាត់មានអាការៈក្តៅខ្លួន ឈឺក ហត់ ពិបាកដកដង្ហើម ញាំបាយទឹកមិនកើត។ លុះនៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ កូនគាត់ទាំង២នាក់ បានយកគាត់ទៅមន្ទីរពេទ្យមួយ ក្រោយពីគ្រូពេទ្យបានសួរនាំដឹងថា មានអាការៈទាក់ទងនឹងកូវីដ១៩ គ្រូពេទ្យបានបដិសេធមិនមើលឡើយ។
បន្ទាប់មកពួកគាត់ក៏បានសំរេចចិត្តចូលទៅគ្លីនីកឯកជនមួយនៅជិតទួលគោកដើម្បីពិនិត្យបន្ត (មិនចាំឈ្មោះគ្លីនីក) ប៉ុន្តែនៅពេលគាត់ប្រាប់គ្រូពេទ្យពីអាការៈជំងឺ គ្រូពេទ្យសង្ស័យកូវីដ១៩ ហើយឲ្យធ្វើតេស្តរកមេរោគកូវីដ១៩ ក៏ប៉ុន្តែតម្លៃនៃការធ្វើតេស្តសំណាកមួយលើកអស់១៤០ដុល្លារ។ ដោយសារតម្លៃតេស្តសំណាកថ្លៃពេក នៅព្រឹកព្រលឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ កូនៗរបស់គាត់បានសំរេចដឹកម្តាយយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
នៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២ ខែឧសភា ពួកគាត់បានមកដល់ខេត្តកំពង់ឆ្នាំង និងបានចូលទៅមន្ទីរពេទ្យខេត្តតែម្តង ដោយមិនបានបង្ហួសទៅស្រុកកំណើតឡើយ។ ក្រោយពីប្រាប់អាការៈជំងឺក្រុមគ្រូពេទ្យខេត្តបានសំរេចយកសំណាកស្ត្រីឈ្មោះ សូ ហៀង ដើម្បីធ្វើតេរហ័សរកមេរោគកូវីដ១៩ ហើយជាលទ្ធផល គឺគាត់មានវិជ្ជមានកូវីដ១៩។
បន្ទាប់ពីរកឃើញភ្លាមក្រុមគ្រូពេទ្យ ក៏បន្តតេស្តសំណាកលើកូនប្រុសស្រីគាត់ទាំង២នាក់ទៀត ក៏បានឃើញវិជ្ជមានកូវី១៩ទៀត និងបានយកពួកគាត់ទាំង៣ដាក់ឲ្យសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ដោយសារអាការជម្ងឺមានសភាពធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ស្ត្រីខាងលើក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យនៅវេលាម៉ោង ២៖៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះតែម្តង។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ម្ចាស់ម៉ូតូកង់៣នៅភ្នំពេញ ដែលបានដឹកអ្នកជម្ងឺកូវីដ១៩ ទាំង៣នាក់ម្តាយនិងកូន និងអ្នកដែលបានរស់នៅក្បែរផ្ទះជួលរបស់ពួកគាត់សូមរួសរាន់ទៅយកសំណាក និងដាក់ខ្លួនធ្វើចត្តាឡីស័កឲ្យបានល្អតាមវិធានការសុខាភិបាល។
សូមបញ្ជាក់ថា សម្រាប់ខេត្តកំពង់ឆ្នាំង រហូតមកដល់ពេលនេះ ប្រធានមន្ទីរសុខាភិបាលបានឲ្យដឹងថា អ្នកជម្ងឺកូវីដ១៩ ដែលកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងមានចំនួន ១៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣នាក់ ស្លាប់២នាក់ ពេលដឹកមកដល់មន្ទីរពេទ្យ និងកំពុងសំរាកព្យាបាលចំនួន ១៣នាក់ ខណៈអ្នកពាក់ព័ន្ធកំពុងធ្វើចត្តាឡីស័កជាង ៣០០នាក់ផងដែរ៕