(កំពង់ឆ្នាំង)៖ ឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្ត និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ជាថ្មី នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះថា កំាភ្លើងដែលលោកអភិបាល ស្រុកសាមគ្គីមានជ័យ បាញ់ភ្ជុចដីស្ដារកាណុង ខណៈមេខ្មៅរកកល់ចង់ភ្លៀង ហើយបានផ្លាតក្បាលគ្រាប់ទៅត្រូវគោ១ក្បាល ងាប់នៅក្នុងសាលាស្រុកសាមគ្គីមានជ័យ កាលពីល្ងាច ថ្ងៃទី៣០ ខែមេសាកន្លងទៅនោះ គឺលោកអភិបាលស្រុកបាញ់នឹងកាំភ្លើងខ្លី មិនមែនបាញ់កំាភ្លើងអាកាស្វាយបត់នោះទេ។
លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់បន្ថែមថា ក្រោយពីធ្វើការសាកសួរ និងធ្វើរបាយការណ៍រួចរាល់ហើយលោកស្នងការរង និងមន្ត្រីជំនាញក៏បានដកយកអាវុធខ្លី១ដើម ម៉ាក P.N42 ពីលោក វន ស៉ីផា អភិបាលស្រុក មករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ មិនមែនដកហូតអាវុធអាកាស្វាយបត់នោះទេ។
តែទោះជាយ៉ាងណា ករណីផ្ទុះអាវុធនៅស្រុកសាមគ្គីមានជ័យ ដែលបានបណ្ដាលឱ្យសត្វគោ១ក្បាលងាប់ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២២១កន្លងទៅ គឺមានការបកស្រាយខុសៗគ្នា រវាងលោក វន ស៉ីផា អភិបាលស្រុកសាមគ្គីមានជ័យ និងលោកអធិការស្រុកសាមគ្គីមានជ័យ ដោយនៅល្ងាចថ្ងៃកើតហេតុ លោកអធិការស្រុកសាមគ្គីមានជ័យ បានឆ្លើយប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា សត្វគោ១ ក្បាលដែលងាប់នៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យនោះ គឺលោកអភិបាលស្រុក បានយកដុំថ្មគប់ចំក្បាលគោ ទើបបណ្តាលឲ្យងាប់យ៉ាងដូច្នេះ។
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ លោក វន ស៊ីផា អភិ បាលស្រុកសាមគ្គីមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបដិសេធ ចំពោះការចុះផ្សាយលើបណ្តា ញទំនាក់ទំនងសង្គមហ្វេសប៊ុកផេចមួយចំនួន ដែលបានចុះផ្សាយថា លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានយកកាំភ្លើងបាញ់គោ អ្នកស្រុកងាប់ដោយសារសត្វគោនោះចូល ទៅស៊ីស្មៅនៅក្នុងសាលាស្រុក ហើយរដ្ឋបាលស្រុកសាមគ្គីមានជ័យ ក៏បានបញ្ជាក់ថា ព័ត៌មានបានចុះផ្សាយមិនទាន់មានមូលដ្ឋានច្បាស់លាស់នៅឡើយ ពីព្រោះការចុះផ្សាយនោះពុំមានសំអាងហេតុផលបញ្ជាក់ ពីសមត្ថកិច្ចនៅឡើយ។
ដោយឡែកនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ លោក វន ស៉ីផា អភិបាលស្រុកសាមគ្គីមានជ័យ ក៏បានសរសេរលិខិតមួយច្បាប់ ផ្ញើជូនលោកអភិបាលខេត្តកំពង់ឆ្នាំង ដោយបានរាយការណ៍ ជូនលោកអភិបាលខេត្តថា នៅវេលាប្រហែលជាម៉ោង៣ជាងរសៀល មេឃងងឹតរកកល់នឹងភ្លៀង ដោយឃើញសភាពស្ងាត់ លោកក៏មានអារម្មណ៍ចង់បាញ់សាកកំាភ្លើងដែលទើបទទួលបានមកថ្មី ការបាញ់របស់លោក គឺបាញ់ចុះក្រោមបំបុកនឹងដី ពេលដែលលោកកេះកៃកាំភ្លើងរួចមក ស្រាប់តែឃើញមានកូនគោ១ក្បាលបានដួល បន្ទាប់មកលោកបានចុះទៅពិនិត្យ ក៏បានឃើញមានស្នាមលើក្បាលគោ ដែលអាចសន្និដ្ឋានបានថា គោនេះប្រហែលជាត្រូវគ្រាប់កាំភ្លើង ដែលផ្លាតទៅត្រូវ។
បន្ទាប់ពីហេតុការណ៍នោះកើតឡើង លោកក៏បានទាក់ទងទៅលោកអធិការនគរបាលស្រុកសាមគ្គីមានជ័យ មកធ្វើកំណត់ហេតុ និងឱ្យស្រាវជ្រាវរកម្ចាស់គោ មកធ្វើការពិភាក្សាដោះស្រាយសំណង ជូនម្ចាស់គោតាមការព្រមព្រៀង ហើយករណីនេះលោកក៏បានសម្របសម្រួ លពិភាក្សាជាមួយម្ចាស់គោនឹងបានទទួលទូទាត់សំណង បានចប់សព្វគ្រប់រួចហើយផងដែរ។
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ដដែលនោះ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដឹក នាំដោយឧត្តមសេនីយ៍ត្រី ប៉ុល វុឌ្ឍី ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ បានដឹកនាំក្រុមការងារសមត្ថកិច្ចជំនាញ ចុះធ្វើការស្រាវជ្រាវពេញមួយព្រឹក ជាលទ្ធផលត្រូវបានឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងទទួលផែនសេនាធិការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ករណីដែលសត្វគោមួយក្បាលងាប់ នៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ គឺបណ្ដាលមកពីលោកអភិបាលស្រុក បានយកកាំភ្លើងបាញ់សាកស្ដារកាណុង នៅពេលមេឃខ្មៅជិតភ្លៀង ហើយក្បាលគ្រាប់បានផ្លាត ទៅត្រូវគោទើបបណ្ដាលឱ្យងាប់បែបនេះ។
ចំណែកប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗបរិវេណសាលា ស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា៣រសៀល គាត់បានឮសម្លេ ងកាំភ្លើង២គ្រាប់ ដោយសម្លេងគ្រាប់ទីមួយ គាត់ស្មានថាបែកកង់ឡាន បន្ទាប់មកបានឮសំឡេង លើកគ្រាប់លើកទី២ ហើយក៏ឃើញមានគោ១ហ្វូងបានរត់ចេញពីក្នុងបរិវេណសាលាស្រុក និងមានសត្វគោ១ក្បាលដេកងាប់ នៅក្នុងសាលាស្រុកនោះផងដែរ។
រីឯប្រជាពលរដ្ឋ ដែលជាម្ចាស់គោពីរនាក់ប្ដីប្រពន្ធឯណេះវិញ ក៏បានបញ្ជាក់ប្រាប់ថា គ្រួសារគាត់មានគោទាំងអស់ចំនួន១៣ក្បាល ហើយគាត់ពិតជាបានលែងគោរបស់គាត់ឲ្យដើរស៊ី ដោយមិនមានអ្នកតាមមើលពិតប្រាកដមែន ដោយសារតែមិនទាន់ ដល់រដូវបង្កបង្កើនផលនៅឡើយ។ សត្វគោរបស់គាត់១ ក្បាលដែលងាប់នោះ គឺជាគោឈ្មោលដែលទើបតែ មានអាយុ៩ខែតែប៉ុណ្ណោះ គាត់បានទទួលសំណង៤លានរៀល ដោយបានធ្វើកិច្ចសន្យាបញ្ចប់រឿង និងមិនប្ដឹងផ្ដល់ជាបន្តទៀត នៅចំពោះមុខសមត្ថកិច្ចរួចរាល់ហើយដែរ៕