(ភ្នំពេញ)៖ ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បានសម្តែងការខកចិត្ត និងហួសចិត្តខ្លាំងចំពោះ អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ (CNRP) ដែលនាំគ្នាចេញមកការពារលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បើទោះបីដឹងថា មេដឹកនាំបក្សប្រឆាំងរូបនេះ បានលួចប្រព្រឹត្តទង្វើអសីលធម៌នៅក្នុងសង្គមខ្មែរក៏ដោយនោះ។
រយៈពេលជាងមួយសប្តាហ៍មកហើយ នៅដើមខែមីនានេះ សារជាសំឡេងឆ្លើយឆ្លងស្នេហារវាងលោក កឹម សុខា ជាមួយនារីជាច្រើននាក់ មានទាំងជនជាតិខ្មែរ និងវៀតណាម ត្រូវបានគេទម្លាយនៅលើទំព័រ Facebook ឈ្មោះថា «រឿងពិត CNRP»។ សារជាសំឡេងដែលគេលួចបញ្ចេញ ជាបន្តបន្ទាប់រហូតដល់ទៅ ៣០ឃ្លីបមកនេះ បានលាតត្រដាងរឿងសម្ងាត់ នៃទំនាក់ទំនងស្នេហ៍យ៉ាងច្រើនរវាង លោក កឹម សុខា ជាមួយនារីឈ្មោះ យ៉េស ដែលជាជនជាតិវៀតណាមនារីឈ្មោះ អាមុំ រួមនិងនារី ដ៏ដទៃជាច្រើននាក់ទៀត។
ក្រោយឃើញការចេញមកការពារទង្វើអសីលធម៌ ដែលជាទង្វើស្អប់ខ្ពើមនៅក្នុងសង្គមខ្មែរពីសំណាក់អ្នកគាំទ្ររបស់គណបក្សសង្រ្គោះ ជាតិនេះ បានធ្វើឲ្យមេបក្សជួងសម្តែងការហួសចិត្ត ខកចិត្ត និងចាត់ទុកអ្នកគាំទ្រទាំងអស់នោះថា «កែអត់ឡើង»។
ក្នុងឱកាសចុះជួបជាមួយអ្នកគាំទ្ររបស់ខ្លួន លោក ខឹម វាសនា បានថ្លែងថា៖ «អស់ចិត្តហ្មងបងប្អូន ឃើញបងប្អូនខ្មែរអស់ចិត្តហ្មង! កុំ ថាយើងហួសចិត្តបងប្អូន កឹម សុខា ក៏ហួសចិត្តខ្លួនដែរណា។ គាត់ (លោក កឹម សុខា) ថា យីអញរកកន្លែងការពារខ្លួនអញមិនបាន ផង»។ លោក ខឹម វាសនា ហួសចិត្តកាន់តែខ្លាំងថែមទៀត នៅពេលមានអ្នកគាំទ្រជានារី ចេញមកការពារទង្វើរបស់លោក កឹម សុខា៖ «មិន ត្រឹមតែប្រុសទេ មានទាំងស្រីចេញមកគាំទ្រទៀត ធ្វើបាបស្រី ហើយខ្លួនឯងជាស្រីដែរ នឹកក្នុងចិត្តអីដល់ហួសហេតុ ដល់រឿង កឹម សុ ខា លេងស្រីៗ ចេញមកគាំទ្រដែរ»។
លោក ខឹម វាសនា ក៏ចង់ប្រកាសលើកទង់ជ័យសផងដែរ នៅពេលដែលឃើញប្រជាពលរដ្ឋខ្មែរនៅបន្តគាំទ្រមេដឹកនាំនយោបាយ និង ស្ថាប័នកំពូលរបស់ជាតិ ដែលប្រព្រឹត្តអំពើអសិលធម៌នៅក្នុងសង្គមបែបនេះ។
សូមបញ្ជាក់ថា មិនមែនតែលោក ខឹម វាសនា នោះទេ ដែលប្រតិកម្មទៅលើរឿងអាស្រូវរបស់លោក កឹម សុខា នេះ មេដឹកនាំបក្សនយោបាយជាច្រើនផ្សេងទៀត ក៏បានធ្វើរិះគន់ខ្លាំងណាស់ផងដែរ និង ចង់ឲ្យមានការស៊ើបអង្កេតទៅលើរឿងនេះពីស្ថាប័នពាក់ព័ន្ធ នៅកម្ពុជាផងដែរ។
សូមស្តាប់សំឡេង លោក ខឹម វាសនា បង្ហាញការខកចិត្តចំពោះអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ដែលមានខ្លឹមសារទាំងស្រុងដូចខាង ក្រោម៖
លោក ខឹម វាសនា ហួសចិត្តអ្នកគាំទ្រ CNRP ដែលបន្តការពារលោក កឹម សុខា បើទោះដឹងលួចប្រព្រឹត្តរឿងអសិលធម៌ក្នុងសង្គម
Posted by Fresh News on Tuesday, March 8, 2016