(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងឆ្លើយតបសំណូមពរប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ សូមរង់ចាំទៅតាមលំដាប់លំដោយសិន ដោយសារគ្រូពេទ្យមានចំនួនតិច ឯអ្នកចាក់វ៉ាក់សាំងមានច្រើន សុំការយោគយល់។
ការសំណូមពររបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្រោយពីមានកូនខ្មែរស្នើសុំការផ្តល់វ៉ាក់សាំងដល់គ្រួសារគាត់។ កូនខ្មែររូបនេះបានចូលទៅ Comment នៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា៖ «ពុក! គ្រួសារខ្ញុំចង់ចាក់ណាស់ តែចុះឈ្មោះហើយអត់ទាន់បានចាក់ទេ»។
ឆ្លើយតបការស្នើសុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា «សូមចាំបន្តិច ដោយយើងចាក់មានមុនមានក្រោយតាមលំដាប់អាទិភាព ព្រោះគ្រូពេទ្យមានតិច ឯអ្នកត្រូវចាក់មានច្រើន។ សុំការយោគយល់»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់ប្រកាសពីការត្រៀមវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ រហូតដល់ ២០លានដូសឯណោះ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ បច្ចុប្បន្នេះរាជរដ្ឋាភិបាលកម្ពុជា កំពុងសម្រុកចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ខណៈការបញ្ជាទិញវ៉ាក់សាំង និងជំនួយវ៉ាក់សាំង ក៏មានជាហូរហែរផងដែរ។
គិតត្រឹមយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋមានចំនួនសរុប ១,៧៧៥,០៦១នាក់។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មានផ្លូវការ Fresh News ទទួលបាន៕