(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌ-សង្កាត់ បានបន្តនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋ និងកម្មករកម្មការនី ចំនួន ៨,០០០ គ្រួសារ ដល់ខ្នងផ្ទះ ដល់បន្ទប់ជួល ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងបិទខ្ទប់។
ទីតាំងនោះ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ចំនួន ១០០០គ្រួសារ សង្កាត់បឹងទំពន់ទី២ ចំនួន ១០០០ គ្រួសារ សង្កាត់ស្ទឹងមានជ័យ១ ចំនួន ២,០០០ គ្រួសារ សង្កាត់ស្ទឹងមានជ័យ២ ចំនួន ២០០០គ្រួសារ និងសង្កាត់ស្ទឹងមានជ័យ៣ ចំនួន ២,០០០គ្រួសារ។
អាជ្ញាធរខណ្ឌមានជ័យ បានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គីឡូ, មី ១កេស , ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ ផងដែរ។
អាជ្ញាធរខណ្ឌ បានបន្តទៀតថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោ ដាច់ខាត មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះទេ។
ទន្ទឹមនឹងនេះ ក្រុមការងារ សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័កបានគ្រប់ចំនួនថ្ងៃ ដែលក្រសួង សុខាភិបាលបានកំណត់ ហើយស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជាពិសេសសម្តេចតេជោ នៅតែបន្តគិតគូនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពង់ធ្វើចត្តាឡីស័ក ផងដែរ។
ជាមួយគ្នានេះដែរ ក្រុមការងារបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទាំងអស់ ចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ តាមការអនុសាសន៍សម្តេចតេជោ ហ៊ុន សែន និងចូលរួម អនុវត្តនូវសេចក្ដីសម្រេច របស់ រាជរដ្ឋាភិបាល ដែលបានចេញសេចក្ដីសម្រេច បិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រសិនបើគ្មានការចាំបាច់ទេ សុំកុំចេញពីផ្ទះ៕