(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទជាបណ្តោះអាសន្នសាខាក្រុមហ៊ុនដឹកអ្នកដំណើរ វីរៈ ប៊ុនថាំ ចំនួន៣ទីតាំង ក្រោយរកឃើញអ្នកបើកបរមានវិជ្ជមានកូវីដ១៩។
ទីតាំងបិទរួមមាន៖ ទី១ សាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ទី២៖ ទីតាំងនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងទី៣៖ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា មន្ដ្រីសុខាភិបាល បានចុះសំណាកបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ ទាំង៤សាខា រួមមាន នៅផ្សារថ្មី, ផ្សារបឹងឈូក, ផ្សារលើ និងផ្សារភូពុយ នៅក្រុងបាត់ដំបង បានចំនួន៨៩នាក់ (ស្រី៣៤នាក់) ដែលទាក់ទងនឹងករណីរកឃើញ វិជ្ជមានកូវីដ-១៩ ដោយតេស្តរហ័សលើបុគ្គលិកបើកបរដឹកទំនិញក្រុមហ៊ុននេះ ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្រុមឆ្លើយតបបន្ទាន់ខេត្តបៃលិន។
សំណាកពាក់ព័ន្ធនឹងករណីនេះ មានចំនួន ៣១នាក់ (ស្រី១៣នាក់) ត្រូវបានបញ្ជូនមកពី ស្រុកសំពៅលូន ចំនួន៧នាក់, ស្រុកភ្នំព្រឹក ចំនួន១០នាក់ និងស្រុកកំរៀង ចំនួន១៤នាក់។ ករណីវិជ្ជមានដោយតេស្តរហ័សនេះ នឹងត្រូវបញ្ជាក់ដោយតេស្ត GyneXpert នៅមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបន្ថែមទៀត៕
សូមអានសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត៖