(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្អែកនេះ រដ្ឋសភានឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់សហជីព។ សិក្ខាសាលានេះ នឹងធ្វើឡើងនៅសាលសន្និសីទ២-៣ នៃវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេច ហេង សំរិន។ នេះបានតាមការជូនដំណឹងរបស់មន្រ្តីរដ្ឋសភាជាតិ។
សិក្ខាសាលានេះ នឹងមានការចូលរួមពីសមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា ផងដែរ។
ក្រុមសហជីពមួយចំនួន នាថ្មីៗនេះក៏បានចេញសេចក្តីជូនដំណឹងមួយដែរថា បន្ទាប់ពីសិក្ខាសាលាពិគ្រោះយោបល់នេះរួចរាល់ ពួកគេនឹងធ្វើសន្នសីទកាសែតមួយផងដែរ ដើម្បីបង្ហាញពីការគាំទ្រឬយ៉ាងណា?។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់សហជីព ត្រូវបានរៀបចំកែប្រែជាថ្មី ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៦ ។ ការកែប្រែជាថ្មី២១ចំណុចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមសហជីព បានធ្វើការតវ៉ា សម្តែងការមិនពេញចិត្តចំពោះការរៀបចំសេចក្តីព្រាងច្បាប់នេះកន្លងមក ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី០៦ ខែមីនា កន្លងទៅនេះ ក្រុមសហជីព និងអង្គការសង្គមស៊ីវិល ប្រមាណ២១អង្គភាព បានចេញសេចក្តីថ្លែងការណ៍រួមថា ពួកគេមិនឃើញគណបក្សទាំងពីរ កែប្រែសេចក្តីព្រាងច្បាប់នេះ ជាដុំកំភួននោះទេ។ សហជីព និងសង្គមស៊ីវិល បានអំពាវនាវជាថ្មី ឱ្យរដ្ឋសភាផ្តល់ពេលវេលាគ្រប់គ្រាន់ សម្រាប់សហជីពផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសហជីពឱ្យបានគ្រប់ជ្រុងជ្រោយ ហើយទទួលយកសំណើរបស់សហជីពដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះថែមទៀត៕