(ស្វាយរៀង)៖ នៅរសៀលថ្ងៃអាទិត្យ ទី២ ខែឧសាភា ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ខេត្ត តំណាងលោកអភិបាលខេត្ត បានអញ្ជើញចូលរួមពិធីសំណេះសំណាលសួរទុក្ខ និងប្រគល់អំណោយឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ និង អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កម្លាំងទាំង៣ក្នុងខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកម្លាំងការពារព្រំដែនទាំង៥៩ គោលដៅខេត្តស្វាយរៀង។
អំណោយទាំងនោះរួមមាន៖ អង្ករនាងម៉ិញ ១២.៩០០គីឡូក្រាម មីម៉ាម៉ា ៨៤៣កេសតូច ត្រីខកំប៉ុង ១០៣០យួរ ទឹកត្រី ៣២៧យួរ ទឹកស៊ីអ៊ីវ ៣២៧យួរ សម្រាប់ផ្គត់ផ្គង់ដល់គោលដៅដែលឈរជើងនៅតាមបន្ទាត់ព្រំដែន កងកម្លាំងទាំង៣ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងចូលរួមចំណែកជួយសម្រាលនូវបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សរបញ្ជាក់ឲ្យឃើញពីទឹកចិត្តសប្បុរសធម៌នូវវប្បធម៌ចែករំលែកក្នុងគ្រាលំបាក។
ឆ្លៀតក្នុងឱកាសនេះ លោកបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត លោក ឌី វិជ្ជា និងលោក ម៉ែន វិបុល អភិបាលខេត្ត មកជូនដល់កងកម្លាំងទាំង៣ន គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកម្លាំងការពារព្រំដែន សូមបន្តចូលរួមអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា «៣កុំ ៣ការពារ» ការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្ត៕