(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំវិធានការបិទខ្ទប់ នៅរសៀលថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យទីតាំងស្ដុកស្បៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងខណ្ឌមានជ័យ សម្រាប់ទុកចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមបន្តទៀត។
មកដល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់បានចំនួនជិត ១៥ម៉ឺនគ្រួសាររួចហើយ។
រដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលបន្ទុក នៃការបែងចែកស្បៀងទាំងនេះ បានឱ្យដឹងនៅល្ងាចថ្ងៃទី០២ ខែឧសភានេះថា គិតចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃ២ ខែឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ព ជើងគោក បានដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់បានចំនួន ១៤១៦០០គ្រួសារហើយ ហើយការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តចែកជូនបន្ថែមទៀត ពោលគឺចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងតំបន់ក្រហម។
លោក ឃួង ស្រេង បានបន្តថា ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្បៀងអាហារ ដែលមានគុណភាពល្អ ក្នុងនោះបើនិយាយពីអង្ករវិញ ល្អជាងអង្ករ ដែលលោកហូបរាល់ថ្ងៃផង។
លោក ឃួង ស្រេង ក្រោយពីចុះពិនិត្យទីតាំងស្ដុកស្បៀងអាហារ ដើម្បីចែកជូនបន្តទៅប្រជាពលរដ្ឋហើយ លោកបានបន្តជិះល្បាត ពិនិត្យមើលគោលដៅសំខាន់ក្នុងតំបន់ក្រហមផងដែរ។
ការចុះល្បាតនេះក្នុងគោលបំណងតាមដាន ត្រួតពិនិត្យទីតាំងបិទខ្ទប់និងនៅតាមមូលដ្ឋានទាំងនោះ ដើម្បីចង់ដឹងថា អាជ្ញាធរខណ្ឌ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដែលដាក់នៅតាមគោលដៅទាំងនោះ បានបំពេញការងារ តាមការណែនាំ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងកម្រិតណា ហើយកម្លាំងដែលបានណែនាំអោយធ្វើការល្បាតក្នុងមូលដ្ឋានបិទខ្ទប់នោះ អនុវត្តបានក្នុងកម្រិតណាដែរ លើវិធានការបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់ នៃការរីករាលដាលជម្ងឺកូវីដ-១៩នេះ៕