(កណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានជូនដំណឹងថា មានជនអនាមិកបានយករូបរបស់លោក ទៅបង្កើតគណនី Facebook នាំឲ្យមានការភ័ន្តច្រឡំ ហើយនៅពេលនេះកម្លាំងជំនាញ របស់លោកកំពុងស្រាវជ្រាវ ដើម្បីចាត់វិធានការតាមច្បាប់។ តាមរយៈការជូនដំណឹងខាងលើ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រឡំ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា «ថ្មីៗនេះ មានជនអនាមិក បានបង្កើតគណនី Facebook ក្លែងក្លាយឈ្មោះ Chhoeun Sochett ហើយបានយករូបខ្ញុំ ដាក់រូប Cover និងរូប Profile»។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា គណនី Facebook ផ្លូវការ របស់លោកមានតែមួយគត់គឺ ឈ្មោះ «Chhoeun Sochett មានរូប Profile ពាក់ឯកសណ្ឋានការងារ និងពាក់ម៉ាសពណ៌ខ្មៅ»

លោកស្នងការ បានអះអាងថា «Facebook ខាងលើ ដែលជនអនាមិកបានបង្កើតឡើង គឺក្នុងចេតនាទុច្ចរិតណាមួយ។ សូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមមានការប្រុងប្រយ័ត្នចំពោះ គណនីឈ្មោះ Chhoeun Sochett (ក្លែងក្លាយ) ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណជនខាងលើ យកមកផ្តន្ទាទោសឱ្យខាងតែបាន»