(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ភូមិសាស្ដ្រមួយផ្នែករបស់ភូមិត្រាំខ្នារ និងមួយផ្នែក ភូមិត្រពាំងឫស្សី នៃឃុំសូរភី ស្រុកបាទី ដែលតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ផ្សេងទៀត។
អភិបាលខេត្តតាកែវ បានកំណត់ថា ទីតាំងដែលត្រូវបិទខ្ទប់នេះ នឹងត្រូវចាប់ផ្ដើមអនុវត្តវិធានការបិទខ្ទប់ ចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។ ការបិទខ្ទប់នេះ ធ្វើឡើងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត។
ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប បុគ្គលគ្រប់រូប ត្រូវបានហាមឃាត់ការធ្វើដំណើរចេញ-ចូលលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់ដែលបានកំណត់ប៉ុណ្ណោះ។
សូមជម្រាបថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តតាកែវ រកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១១៤នាក់៕