(ភ្នំពេញ)៖ រដ្ឋបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ម្នាក់ មានឈ្មោះ ខាន រ៉ុម អាយុ៥២ឆ្នាំ រស់នៅភូមិព្រៃតាញ៉ុក ឃុំព្រែកស្លែង។ ក្រោយរកឃើញមានអ្នកវិជ្ជមានកូវីដនៅក្នុងមូលដ្ឋានរបស់ខ្លួន អាជ្ញាធរសូមអ្នកពាក់ព័ន្ធសូមប្រញាប់ទៅយកសំណាក។ បច្ចុប្បន្នអ្នកជំងឺខាងលើ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកណ្តាលស្ទឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា តាមការស្រាវជ្រាវរបស់ក្រុមការងារតាមដានបុគ្គលសង្ស័យ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងស្រុកកណ្តាលស្ទឹងបង្ហាញថា អ្នកជំងឺខាងលើធ្លាប់បានទៅទីតាំងពាក់ព័ន្ធរួមមានបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ «ហេង រតនា» ដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង។
ដ្ឋបាលស្រុកកណ្តាលស្ទឹង អំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកជំងឺ និងទីតាំងពាក់ព័ន្ធខាងលើ (ចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃជូនដំណឹងនេះ) ត្រូវអនុវត្តតាមវិធានសុខាភិបាល ប្រុងប្រយ័ត្នខ្ពស់ ដោយធ្វើស្វ័យចត្តាឡីស័ក កុំប៉ះពាល់ ឬប្រាស្រ័យទាក់ទង ជាមួយអ្នកដទៃ ក្នុងករណីមានរោគសញ្ញាសង្ស័យសូមទំនាក់ទំនងជាមួយក្រុមការងារ ឬអាជ្ញាធរមានសមត្ថកិច្ចដើម្បី យកសំណាកទៅពិនិត្យរកមេរោគកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុនសែនកំពង់កន្ទួត ស្រុកកណ្តាលស្ទឹង ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខ៖ ០៦៨ ៩០ ៩០ ៩០, ០៩៧ ៤ ៩១៩ ០៥០, ០៧៧ ២៧២ ៧៩៦ និងលេខ ០១៧ ៩៩១ ៨៣៨៕