(ភ្នំពេញ)៖ ព្រះមហាក្សត្រ នៃព្រះរាជាណាកម្ពុជា សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យ នាយនគរបាលជាតិ ចំនួន៤៩រូប ចូលនិវត្តន៍ ដោយយោងតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៅថ្ងៃទី២ ខែមីនា ដែលអង្គភាព Fresh News ទើបទទួលបាននៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ បាន ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ចំនួន៤៩រូប ក្របខ័ណ្ឌមន្រ្តី នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
យោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ មន្រ្តីនគរបាលជាតិ៤៩រូបនោះ រួមមាន មន្រ្តីនគរបាលដែលបម្រើការងារ នៅក្រសួងមហាផ្ទៃភាគច្រើនបំផុត មានតួនាទីជាអនុប្រធាននាយកដ្ឋាន ចំនួន៣៨រូប ស្នងការរងនគរបាលខេត្តសៀមរាបចំនួន៣រូប ស្នងការរងនគរបាលខេត្តព្រះវិហារម្នាក់ ស្នងការរងនគរបាលខេត្តកំពង់ចាមម្នាក់ ស្នងការរងនគរបាលខេត្តស្វាយរៀងម្នាក់ ស្នងការរងនគរបាលខេត្តកែបម្នាក់ ស្នងការរងនគរបាលខេត្តរតនគិរីម្នាក់ ស្នងការរង នគរបាលខេត្តបន្ទាយមានជ័យ២នាក់ និងស្នងការរងនគរបាលខេត្តព្រៃវែងម្នាក់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តបតាមសំណើររបស់រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃបានថ្វាយ លិខិតដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលជាតិទាំង៤៩រូបនេះ ទៅកាន់ព្រះមហាក្សត្រ៕