(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តរៀបចំកញ្ចប់បន្លែស្រស់ៗ មី អំបិល និងស៊ុត ដឹកតាមរថយន្តចែកជូនដល់ប្រជាពលរដ្ឋ តាមបណ្តោយផ្លូវ៣៧៦ សង្កាត់បឹងកេងកងទី៣ និងអ្នកដំណើរ អ្នករើសអេតចាយផងដែរ។
សកម្មភាពរបស់លោក ធឹម សំអាន ចុះចែកកញ្ចប់បន្លែ មី ស៊ុត អំបិល តាមរថយន្តជូនប្រជាជននេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង លោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌបឹងកេងកង ព្រមទាំងគណៈអភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ ជាច្រើនរូបទៀត ដើម្បីជួយសម្រាលរាល់ការខ្វះខាតដល់ប្រជាពលរដ្ឋបានមួយរយៈនាអំឡុងពេលបិទខ្ទប់រាជធានីនេះ។
ខណៈជិះរថយន្តដឹកកញ្ចប់បន្លែស្រស់ៗ ចែកជូនប្រជាពលរដ្ឋនោះ លោក ធឹម សំអាន បានណែនាំទៅដល់ប្រជាពលរដ្ឋដែលមកទទួលនូវអំណោយសប្បុរសធម៌ ត្រូវពាក់ម៉ាសការពារ និងរក្សាគម្លាត ហើយត្រូវទឹកបាញ់អាល់កុលលាងសម្អាតដៃ ពេលទទួលកញ្ចប់អំណោយរួច សូមចូលផ្ទះវិញរៀងៗខ្លួនផងដែរ។
ជាមួយគ្នានេះ លោក ធឹម សំអាន បានអំពាវនាវដល់ប្រជាពលរដ្ឋសូមអត់ធ្មត់ទាំងអស់គ្នា យើងស៊ូលំបាករយៈពេលខ្លីនេះ គឺរដ្ឋបាលខណ្ឌបឹងកេងកង និងក្រុមការងារ នៅជាមួយបងប្អូន រួមសុខទុក្ខជាមួយបងប្អូន ដូចពេលនេះ បងប្អូនទទួលបានបន្លែស្រស់ៗម្នាក់ ១កញ្ចប់ ដើម្បីទុកដោះស្រាយជីវភាពប្រចាំថ្ងៃ នាអំឡុងពេលបិទខ្ទុបរាជធានីភ្នំពេញ ដើម្បីកាត់ផ្តាច់កូវីដ១៩នេះ ។
ប្រជាជនដែលទទួលបានអំណោយនេះ គឺពួកគាត់បានសម្ដែងនូវកាយវិការដឹងគុណ និងទឹកចិត្តសប្បាយរីករាយរកអ្វីមកប្រៀបមិនបានឡើយ នៅពេលរដ្ឋបាលខណ្ឌបឹងកេងកង ដឹកកញ្ចប់បន្លែ មី អំបិល ស៊ុត ទឹកត្រី ទឹកស៊ីអ៉ីវ មកឱ្យដល់មុខផ្ទះដូចនេះ ទោះបីអំណោយទាំងនោះ មិនសមនឹងចិត្តគាត់ក្ដី តែមានសារៈសំខាន់ណាស់ ក្នុងការជួយគ្នីគ្នាពេលជួបគ្រាលំបាក នាអំឡុងពេលជំងឺកូវីដ១៩ ពីសំណាក់រដ្ឋបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ៕