(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានចាត់ទុកទង្វើរបស់លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ កំពុងយកបញ្ហាជំងឺកូវីដ១៩ មកប្រមាថអាយុជីវិតប្រជាពលរដ្ឋខ្មែរទាំងមូល។
ការលើកឡើងរបស់លោក រ័ត្ន សណ្តាប់ បានធ្វើឡើង ក្រោយពីលោក សម រង្ស៉ី បានថ្លែងអះអាងយ៉ាងខែងរែងនាពេលថ្មីៗនេះ អំពីវិធានការណ៍របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់មេរោគដ៏កាចសាហាវកូវីដ-១៩ ក្នុងការការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនាពេលនេះ ថាជាវិធានការណ៍តឹងរ៉ឹង ជ្រុលហួសហេតុ នឹងនាំមកនូវទុក្ខលំបាកដល់ប្រជាពលរដ្ឋ។ ពិសេសលោក សម រង្ស៉ី បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ឈប់ស្តាប់ ឈប់ធ្វើតាម ហើយងើបបះបោរប្រឆាំងនឹងវិធានការទប់ស្កាត់កូវីដ-១៩នេះ។
លោក រ័ត្ន សណ្ដាប់ បន្ដថា បើស្ដាប់វោហាសាស្រ្ដ លោក សម រង្ស៉ី ដែលបានថ្លែងក្រោមលេសពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយអំពាវនាវឲ្យប្រជាពលរដ្ឋចេញពីផ្ទះងើបបះបោរចុះផ្លូវ ដើម្បីប្រឆំាងនឹងវិធានការណ៍ទប់ស្កាត់កូវីដ-១៩ ដែលកំពុងតែឆាបឆេះពិភពលោកយ៉ាងសន្ធោសន្ធៅ ក៏ដូចជាឆេះនៅកម្ពុជាយើងផងដែរនេះ គឺមិនខុសពីពាក្យចាស់បុរាណខ្មែរហៅថា «ចិត្តជាទេវទត្តមាត់ជាទេវតា» នោះទេ ក្នុងន័យសំដៅលើបុគ្គលប្រើប្រាស់ វោហាសាស្រ្ដសព្វបែបយ៉ាង ដើម្បីបិទបាំងនូវគំនិតអាក្រក់របស់ខ្លួន បើទោះជាក្នុងអំឡុងពេលនេះ ស្ថានភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងតែឋិតនៅមាត់ជ្រោះមរណៈ បណ្ដាលមកពីមេរោគកូវីដ-១៩ ក៏ដោយ។
ស្ថិតត្រង់ចំណុចលោក រ័ត្ន សណ្ដាប់ បានថ្លែងទំាងអស់សំណើចថា «ជាក់ស្ដែងលោក សម រង្ស៉ី បានអះអាង និងផ្ដល់ជាដំណោះស្រាយរបស់ខ្លួនប្រាប់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងក្អេងក្អាងថា បើរាជរដ្ឋាភិបាលចង់ចាត់វិធានការណ៍នៅរាជធានីភ្នំពេញ ឬក្រុងតាខ្មៅដូចសព្វថ្ងៃនេះ គឺវាទាល់តែទំហំគ្រោះថ្នាក់ហ្នឹងវាធំ ហើយប្រជាពលរដ្ឋស្លាប់អស់មួយនគរ ឬពាក់កណ្ដាលនគរ ឬម៉ាជ្រុងនគរសិន ទើបគេចាត់វិធានការណ៍តឹងរឹងដូចរាជរដ្ឋាភិបាលកំពុងអនុវត្ដដូចសព្វថ្ងៃនេះ»។
ចំពោះវោហាសាស្រ្ដបំផុសបំផុលរបស់លោក សម រង្ស៉ី, លោក រ័ត្ន សណ្ដាប់ បានចោទជាសំណួរថា «ចំពោះទង្វើពាក្យសំដីទំាងនេះមិនហៅថា ចិត្តជាទេវទត្ដមាត់ជាទេវតាទេឬអ្វី? ម្យ៉ាងទៀតបើសិនជាចំាទុកស្ថានការណ៍ឲ្យប្រជាពលរដ្ឋស្លាប់អស់មួយនគរ ឬពាក់កណ្ដាលនគរ ឬមួយជ្រុងនគរសិន ដើម្បីឲ្យមានសមមាត្រគ្នានោះ ទើបអាចចាត់វិធានការណ៍ដូចសព្វថ្ងៃនេះ តើចាត់វិធានការណ៍មាន ប្រយោជន៍អ្វីបើប្រជាពលរដ្ឋស្លាប់អស់ហើយនោះ?»។
មួយវិញទៀតលោក សម រង្ស៉ី បានអះអាងយ៉ាងច្បាស់ៗផងដែរថា អំពីវិធានការណ៍របស់រាជរដ្ឋាភិបាលសព្វថ្ងៃនេះ គឺសម្រាប់ រង្ស៉ីខ្លួនឯង យកអនុវត្ដនៅពេលដែលប្រជាពលរដ្ឋស្លាប់អស់មួយនគរ ឬពាក់កណ្ដាលនគរ ឬមួយជ្រុងនោះ ហេតុអ្វី រង្សី មិនយកមកអនុវត្ដនាពេលនេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋស្លាប់អស់មួយនគរ? ពីព្រោះវិធានការណ៍នេះ គឺជាវិធានការណ៍មានប្រសិទ្ធិភាព ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលមេរោគដ៏កាចសាហាវកូវីដ-១៩ ហើយមុន និងក្រោយគង់តែអនុវត្ដដូចតែគ្នានោះ។
លោក រ័ត្ន សណ្តាប់ បានសង្កត់លើចំណុចនេះថា បើដូចនេះចំពោះវោហាសាស្រ្ដលោក សម រង្ស៉ី ដែលបំផុសបំផុលប្រជាពលរដ្ឋឲ្យងើបបះបោរប្រឆំាងនឹងវិធានការណ៍របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់កូវីដ-១៩នាពេលនេះ គឺជាការបំផ្លាញដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋខ្មែរយើងដ៏រន្ធត់បំផុត។
ដោយហេតុថា បើយើងនិយាយពីសុខភាពមនុស្ស គឺចំណីអាហារយើងអាចញាំលើសមួយម៉ាត់ ឬពីរម៉ាត់ថែមទៀត ក៏មិនមានអ្វីចោទជាបញ្ហាចោទនោះទេ តែពាក្យសំដីដែលខ្ជាក់ចេញមកវិញ គឺវាអាចជាឱសថដ៏សាកសិទ្ធិ ឬក៏អាចជាថ្នាំពិសដ៏សាហាវបំផុតផងដែរ។ បានន័យថាពាក្យសំដីនេះ បើនិយាយក្នុងភាពសុចរិតត្រឹមត្រូវ ស្មោះត្រង់ និងប្រកបដោយព្រហ្មវិហារធម៌ និងនំាឲ្យយើងបានសុខសាន្ដ សុខសន្តិភាព និងភាពរុងរឿង តែផ្ទុយទៅវិញបើនិយាយសម្រាប់តែបំភ្លៃ ញុះញង់ពីការពិតសព្វបែបយ៉ាងវិញនោះ គឺវានំាឲ្យមានភាពវឹកវរដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋស្លាប់រលាយហិនហោចអស់តែម្តង។
ជាសរុបលោក រ័ត្ន សណ្ដាប់ បន្ដថា «ឥលូវបើយើងក្រទ្បេកមើលអំពីវិធានការណ៍របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់មេរោគសាហាវកូវីដ-១៩នេះ គឺបានបង្ហាញពីបេះដូងនៃការឈឺចាប់ដែលមេរោគកូវីដ-១៩ នេះបាននឹងកំពុងក្លាយជាអគ្គិភ័យអន្តរជាតិ ក៏ដូចជាកម្ពុជាយើងផងដែរ។ បើដូច្នេះចំពោះវិធានការណ៍នេះ មានបំណងតែមួយគត់ គឺដើម្បីការកាពារសុខភាពនិងអាយុជីវិតប្រជាជាតិខ្មែរឲ្យរស់ក្នុងសុខសន្តិភាពតែប៉ុណ្ណោះ»៕