(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ជំរុញឱ្យអាជ្ញាធរស្រុកស្ទោង ផ្សព្វផ្សាយបន្ថែមទៀតចំពោះអ្នកដែលបានចូលរួមបុណ្យសពស្ត្រីឈ្មោះ ប៉ិល ថេង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង និងស្ត្រីឈ្មោះ ចេង គឹមនៅ ជាអាជីវករលក់សាច់ជ្រូកនៅផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាព្រះនាង ស្ថិតនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីកាត់ផ្ដាច់ឫសគល់នៃការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

ការអំពាវនាវបែបនេះរបស់លោក សុខ លូ បានធ្វើឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឱកាសលោកបានដឹកនាំក្រុមការងារបន្តនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារការពារកូវីដ១៩ ជូនដល់កងកម្លាំងដែលប្រចាំការ នៅតំបន់បិទខ្ទប់ នៅឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ជាមួយគ្នានេះដែរ លោក សុខ លូ បានបន្ថែមទៀតថា ដើម្បីធានាដល់ការគ្រប់គ្រងការរីករាលនៃជំងឺកូវីដ១៩ ឱ្យបានល្អប្រសើរ រដ្ឋបាលខេត្តសម្រេច បិទផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី និងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងនៅពេលក្រោយ។

លោក សុខ លូ បានក្រើនរំឭកដល់កងកម្លាំងទាំងអស់ សូមខិតខំផ្សព្វផ្សាយបន្តដល់បងប្អូនដែលបានមកធ្វើតេស្តយកសំណាកលើកទីមួយរួចហើយ ទទួលលទ្ធផលអវិជ្ជមាន មិនប្រាកដថាបងប្អូនមិនមានការឆ្លងនោះទេ លុះត្រាតែឆ្លងកាត់ការយកសំណាកលើកទី២ ឬទី៣ ទទួលលទ្ធផលអវិជ្ជមាន ហើយត្រឡប់ទៅផ្ទះវិញ ធ្វើចត្តាឡីស័កយៈពេល១៤ថ្ងៃទៀត មិនមានរោគសញ្ញាណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ទើបប្រាកដថាពួកគាត់មិនមានការឆ្លងជំងឺកូវីដ១៩។

លោកអភិបាលខេត្ត ក៏បានសំណូមពរឱ្យអាជ្ញាធរស្រុក ឃុំ ភូមិ ទាំងអស់សូមបង្កើនការយកចិត្តទុកដាក់ចំពោះបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក នៅគ្រប់ទីកន្លែងទាំងអស់ និងបន្តតាមដានការធ្វើចត្តាឡីស័ក ព្រមទាំងបន្តការចុះសាកសួរសុខទុក្ខបងប្អូនពលករឱ្យបានញឹកញាប់ផងដែរ៕