(ភ្នំពេញ)៖ ឆ្នាំ២០២១ គឺជាខួបអនុស្សាវរីយ៍លើកទី៥ នៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ឆ្នាំ ២០១៦ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកដំបូង ត្រូវបានរៀបចំឡើងក្នុងខេត្តហៃណាន (Hainan) ប្រទេសចិន ហើយយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ត្រូវបានចាប់ផ្តើមដំណើរការជាផ្លូវការ។ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ មានចំណុចចាប់ផ្តើមខ្ពស់ និងការអភិវឌ្ឍន៍ឆាប់រហ័ស បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការសម្រាប់ថ្នាក់តំបន់។
រយៈពេល ៥ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានពង្រីកខ្លួនយ៉ាងឆាប់រហ័សពីដំណាក់កាលដុះលូតលាស់ដល់ដំណាក់កាលថ្មីមួយទៀត នៃការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។ ប្រទេសទាំង៦ នៃទន្លេឡានឆាង-មេគង្គបានពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកលើវិស័យនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅ ទំនាក់ទំនងមនុស្សសាស្រ្តកាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់ទទួលបានសមិទ្ធផលផ្លែផ្កាជាទីគាប់ចិត្ត។ បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសន្តិភាពស្ថិរភាពក្នុងតំបន់ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់និងជួយកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
រយៈពេល ៥ ឆ្នាំកន្លងមកនេះ ប្រទេសទាំង ៦ នៃទន្លេឡានឆាង-មេគង្គ បានប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព រួមគ្នាឆ្ពោះដំណើរទៅមុខ ដើម្បីសម្រេចបាននូវវិបុលភាព និងការអភិវឌ្ឍន៍រួម។ បណ្ដាប្រទេសបានពង្រឹងការចូលរួមសហការគ្នាក្នុងកិច្ចការសម្របសម្រួល ពង្រីកវិស័យកិច្ចសហប្រតិបត្តិការ និងកែលម្អគំរូនៃកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។ ស្មារតីឡានឆាង-មេគង្គដែលផ្តោតលើ ការយកអភិវឌ្ឍជាអាទិភាព ពិភាក្សាគ្នាដោយស្មើភាពគ្នា ប្រសិទ្ធភាពខ្ពស់លើភាពជាក់ស្តែង បន្តចាក់ឫសយ៉ាងជ្រៅក្នុងក្រអៅបេះដូងប្រជាជន។ វប្បធម៌ឡានឆាង-មេគង្គ ការរាប់អានគ្នាទៅវិញទៅមកដោយស្មើភាពគ្នា ការជួយគ្នាទៅវិញទៅមកដោយស្មោះ ភាពជិតស្និទដូចក្រុមគ្រួសារតែមួយ ត្រូវបានបន្តការអភិវឌ្ឍកាន់តែសម្បូរបែប។
រយៈពេល ៥ ឆ្នាំកន្លងមកនេះ កម្ពុជាតែងជាសមាជិកចូលរួម និងជាអ្នកជំរុញកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដ៏សំខាន់។ ចិនក្នុងនាមជាសហប្រធានលើកដំបូងនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ប្រទេសកម្ពុជា បានរួមចំណែកយ៉ាងសកម្មសម្រាប់ការចាប់ផ្តើមប្រកបដោយភាពជោគជ័យផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការមួយនេះ។ កាលពីខែមករា ឆ្នាំ២០១៨ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី២ ត្រូវបានរៀបចំឡើងក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក៏បានសម្រេចអនុម័តលើឯកសារសំខាន់ៗចំនួន២រួមមាន ផែនការសកម្មភាព ៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និង សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ២ នេះបានបញ្ជាក់ថែមមួយកម្រិតទៀត ស្តីអំពីទិសដៅអភិវឌ្ឍនិងការចាក់ឫសកាន់តែរឹងមាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
រយៈពេល ៥ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការចិននិងកម្ពុជា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ដែលប្រកបដោយលក្ខណៈពិសេសនិងថ្មីៗ។
១៖ ភាពដឹកនាំ
ភាគីកម្ពុជាទទួលបានមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គចំនួន ៣ឆ្នាំជាប់ៗគ្នា ដែលមានចំនួន ៥៥ គម្រោង និងផ្តោតលើវិស័យជាច្រើនរួមមាន អប់រំ សុខាភិបាល កាត់បន្ថយភាពក្រីក្រ ការពារបរិស្ថាន និងមនុស្សសាស្រ្តជាដើម។ ក្នុងនោះ មូលនិធិពិសេសសម្រាប់គាំទ្រគម្រោងថែរក្សាវប្បធម៌ ទប់ស្កាត់ការលួច ការជីករក និងការនាំចូលនិងនាំចេញវត្ថុបុរាណខុសច្បាប់ក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ដើម្បីជួយផ្តល់ការគាំទ្រពេញទំហឹងដល់ការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ដល់ប្រទេសកម្ពុជា និង ប្រទេសពាក់ព័ន្ធដោយតាមរយៈការបង្កើតយន្ដការសម្របសម្រួលនិងពង្រឹងការផ្សព្វផ្សាយអប់រំ ប្រកបដោយកម្លាំងឥទ្ធិពលជាដើម។
២៖ ភាពជាក់ស្តែង
គម្រោងនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គចិននិងកម្ពុជា តែងតែអនុវត្តតាមគោលការណ៍ ប្រសិទ្ធភាពខ្ពស់ភាពជាក់ស្តែង ឈរលើគម្រោងជាធំ និងការយកជីវភាពរស់នៅរបស់ប្រជាជនជាគោល ដោយផ្តោតសំខាន់លើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និង ពង្រឹងការរចនានិងលទ្ធផលនៃគម្រោងឡានឆាង-មេគង្គ។ មូលនិធិកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានជួយសិស្សនិស្សិតកម្ពុជាចំនួន ៤១ នាក់មានឱកាសសិក្សានៅប្រទេសចិន ជួយគាំទ្រខេត្តចំនួន ១៣ ក្នុងប្រទេសកម្ពុជាដើម្បីធ្វើការវាយតម្លៃហានិភ័យ ត្រួតពិនិត្យ និងស្រាវជ្រាវលើជំងឺក្នុងតំបន់ត្រូពិកក្នុងនោះមានជំងឺគ្រុនឈាមជាដើម និងព្រមទាំងជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព តាមរយៈការកែលម្អប្រព័ន្ធសុខាភិ-បាលនិងស្ថានភាពបរិស្ថានជាដើមក្នុងតំបន់សហគមន៍នៃដងទន្លេមេគង្គ ក៏ទទួលបានការកោតសរសើរខ្ពស់ពីរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។
៣៖ ភាពជាគំរូ
នាឆ្នាំ២០២០ ប្រទេសចិនបានអនុម័តគម្រោងតំបន់គំរូកាត់បន្ថយការបូនដែលជាគម្រោងមួយស្ថិតក្រោមផែនការឡានឆាង-មេគង្គបៃតង។ ភាគីចិនបានផ្តល់ជាអំពូលសូឡាបំភ្លឺផ្លូវ សូឡាPV និងបរិក្ខារផ្សេងទៀតដល់ភាគីកម្ពុជា ដើម្បីជួយកម្ពុជាសន្សំសំចៃនិងកាត់បន្ថយការប្រើប្រាស់ថាមពល លើកកម្ពស់សមត្ថភាពក្នុងការតបទល់ជាមួយបម្រែបម្រួលអាកាសធាតុ។ ក្រសួងបរិស្ថាននៃប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងថែមមួយកម្រិតទៀត ដោយអនុលោមតាមអនុស្សរណៈកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ។ ជឿជាក់ថាទាំងនេះនឹងអាចជួយបង្កើត អត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់សេដ្ឋកិច្ចនិងសង្គមកាន់តែច្រើន។
ចំណងមិត្តភាពប្រពៃណី គឺជាឫសគល់នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានបង្កើតឡើងដោយផ្អែកលើអត្ថប្រយោជន៍រួម ស្របតាមការផ្លាស់ប្តូរនៃសម័យកាលនិងការផ្សារភ្ជាប់គ្នានៃបេះដូង និងគំនិតរបស់ប្រជាពលរដ្ឋ។ យន្តការកិច្ចសហប្រតិបត្តិការនេះរឹងមាំខ្លាំងក្លា និងប្រកបដោយឥទ្ធិពល។ ក្នុងនាមជាសមាជិកសំខាន់និងជាមិត្តភក្តិដែកថែបនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ចិននិងកម្ពុជានឹងបន្តដឹកនាំយ៉ាងសកម្មលើកិច្ចសហប្រតិបត្តិការមួយនេះ រួមចំណែកជាចំណេះប្រាជ្ញានិងកម្លាំងដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងសុខុមាលភាព សម្រាប់យន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
ភាគីចិននឹងបន្តជាមួយភាគីកម្ពុជាក្នុងការផ្សព្វផ្សាយស្មារតីឡានឆាង-មេគង្គ លើកកម្ពស់វប្បធម៌ឡានឆាង-មេគង្គ ជំរុញការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងយូរអង្វែង សម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងរួមចំណែកថ្មីក្នុងការកសាងសហគមន៍ជោគវាសនារួមសម្រាប់តំបន់អាស៊ីក៏ដូចជាមនុស្សជាតិគ្រប់រូប៕
ដោយ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា