(ភ្នំពេញ)៖ លោក លីម ប៊ុនហុក ក្នុងនាមឯកឧត្ដម សួស យ៉ារ៉ា អគ្គនាយកនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាស្ថាប័នមួយរបស់អង្គការ អាយកាប់ (ICAPP) នៅថ្ងៃទី១ ខែឧសភា បានចូលរួមក្នុងសន្និសីទថ្នាក់ដឹកនាំអន្តរជាតិ ហៅកាត់ថា ILC ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ ឆ្ពោះទៅរកការបង្រួបបង្រួមដោយសន្តិភាពនៃឧបទ្វីបកូរ៉េ។
នៅក្នុងសន្និសីទដែលរៀបចំឡើងដោយសហព័ន្ធសន្តិភាពពិភពលោក (UPF) និងនៅចំពោះមុខវត្តមានថ្នាក់ដឹកនាំ និងអ្នកចូលរួមប្រមាណ២០០នាក់ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លោក លីម ប៊ុនហុក បានលើកឡើងថា វប្បធម៌គឺជាកត្តាគន្លឹះមួយដើម្បីលើកស្ទួយការយោគយល់គ្នាទៅវិញទៅមក គោរពគ្នាទៅវិញទៅមក និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ វប្បធម៌កាន់តែមានសារៈសំខាន់ថែមទៀត សម្រាប់បេសកកម្មនៃការនាំមកនូវសន្តិភាពក្នុងឧបទ្វីបកូរ៉េ ដោយហេតុថា ប្រទេសទាំងពីរមានវប្បធម៌ ភាសា និងឫសគល់ពីអតីតកាលដូចគ្នា។ បន្ថែមពីលើនេះទៀត លោក Dato’ Muhamad Nasir Hamzah ប្រធានក្រុមប្រឹក្សាភិបាលនៃសភាជាតិវប្បធម៌និងសិល្បៈម៉ាឡេស៊ី បានសង្កត់ធ្ងន់ថា វប្បធម៌គឺ ជាអ្វីដែលមាននៅក្នុងបេះដូងនិងដួងព្រលឹងមនុស្សគ្រប់រូប។ ដូច្នេះ វប្បធម៌អាចជាក្បាលម៉ាស៊ីនមួយទាញឱ្យប្រទេសកូរ៉េទាំងពីអាចបង្រួបបង្រួមគ្នាបាន ក្រៅពីកត្ដានយោបាយ សេដ្ឋកិច្ច និងសង្គមផ្សេងទៀត។
វាគ្មិនផ្សេងទៀត ដែលមកពីប្រទេសកូរ៉េខាងត្បូង ចិន កាហ្សាក់ស្ថាន និងកោះហ្វីជី សុទ្ធតែបានចែករំលែកបទពិសោធន៍ និងគំនិតល្អៗ ដែលថា វប្បធម៌គឺជាកត្តាមួយមិនអាចខ្វះបាននៅក្នុងការងារឆ្ពោះទៅកាន់ការបង្រួបបង្រួមប្រទេសកូរ៉េទាំងពីរ។
ហេតុដូច្នេះលោក លីម ប៊ុនហុក បានស្នើឡើង៣ចំណុចពាក់ព័ន្ធនឹងការប្រើប្រាស់វប្បធម៌ក្នុងទិសដៅនេះ។ ទី១ ត្រូវស្វែងយល់ឱ្យច្បាស់ថា តើភាគីនីមួយៗត្រូវការអ្វីខ្លះក្នុងវិស័យវប្បធម៌ ទី២ ប្រើប្រាស់ឧបករណ៍និងប្រពៃណីកូរ៉េ ដើម្បីឱ្យប្រាកដថា ប្រជាជនយល់ច្បាស់ពីខ្លឹមសារនៃសកម្មភាពវប្បធម៌ដែលត្រូវបានបង្ហាញជូនពួកគេ និងទី៣ ប្រើវិធីសាស្ត្រពហុវិស័យ ដែលក្នុងនោះ វប្បធម៌គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របង្រួបបង្រួមនិងសន្តិភាព។