(បន្ទាយមានជ័យ)៖ អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្រៀមរួចជាស្រេចនូវស្បៀងអាហារ សម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងកាលៈទេសៈបិទខ្ទប់ផ្នែកខ្លះ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត គោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។

ជាក់ស្ដែងនៅព្រឹកថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បន្តចុះចែកអំណោយជាស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ស្ថិតភូមិបាលេលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ៤០គ្រួសារ។

អាជ្ញាធរបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាខ្វះខាតស្បៀងជាក់ស្តែង ត្រូវទំនាក់ទំនងមកក្រុមការងារតាមសង្កាត់នីមួយៗ ដែលរដ្ឋបាលខេត្តប្រកាសជូនជ្រាបកន្លងមក ដើម្បីដោះស្រាយប្រកបដោយតម្លាភាព។

ការចែកជូនស្បៀងអាហារ ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ធ្វើឡើងដោយគ្មានការរើសអើង និន្នាការនយោបាយបក្សពួកណាមួយឡើយ ហើយនឹងធ្វើជាបន្តបន្ទាប់ ជូនដល់រាប់ពាន់គ្រួសារទៀត៕