(កំពង់ចាម)៖ រដ្ឋបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវបង្កើននូវការប្រុងប្រយ័ត្ន និងសូមតាមដានសុខភាពជាប្រចាំ ហើយក្នុងករណីសង្ស័យត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
ការអំពាវនាវរបស់រដ្ឋបាលស្រុកជើងព្រៃ ធ្វើឡើងបន្ទាប់ពីមានករណីបុរសម្នាក់ស្លាប់ដោយសារជំងឺកូវីដ ហើយបានប៉ះពាល់ជាមួយក្រុមគ្រួសាររបស់គាត់ រស់នៅភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឈ្មោះ រស់ មាស ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិខ្វិត ឃុំតាំងក្រសាំង ស្រុកបាធាយ បានស្លាប់នៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ មានលទ្ធផលតេស្ដវិជ្ជមានជំងឺកូវីដ១៩។
រដ្ឋបាលស្រុកជើងព្រៃ បានអះអាងថា គិតត្រឹមយប់ថ្ងៃទី០១ ខែឧសភា បានប៉ះពាល់ផ្ទាល់មនុស្ស៣នាក់ និងប្រយោលចំនួន២នាក់ ដែលសុទ្ធតែជាសាច់ញាតិក្រុមគ្រួសាររបស់ខ្លួន។ អ្នកជំងឺកូវីដ១៩រូបនេះ ក៏ធ្លាប់បានទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ វេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លុះវេលាម៉ោង០១៖៣០នាទីរសៀល បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
រហូតដល់ថ្ងៃទី០១ ខែឧសភា ពេលថ្ងៃអ្នកជំងឺឈឺធ្ងន់ធ្ងរ និងសុំគ្រូពេទ្យទៅផ្ទះវិញ ប៉ុន្ដែគ្រូពេទ្យមិនអស់ចិត្ត បានយកសំណាកទៅធ្វើតេស្ដឃើញវិជ្ជមានជំងឺកូវីដ១៩ នៅវេលាម៉ោង៤រសៀល ហើយគាត់បានស្លាប់នៅម៉ោង០៦៖៣០នាទីល្ងាចថ្ងៃដដែល៕