(ឧត្តរមានជ័យ)៖ លោក ញឹក ថន អាយុ៤៥ឆ្នាំ មានភរិយាឈ្មោះ ញឹប សេរី អាយុ៤២ឆ្នាំ រស់នៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបង្ហាញពីភាពជោគជ័យលើការដាំដំណាំត្រសក់ផ្អែម ដោយដាំក្នុងមួយវគ្គត្រឹមរយៈពេលពីរខែ ពួកគាត់រកបានចំណូលបានប្រមាណ ៤០ លានរៀល។
លោក ញឹក ថន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ គាត់បានចាប់អាជីពដាំដំណាំត្រសក់ផ្អែមនេះ អស់រយៈពេលប្រាំឆ្នាំហើយ។ ដោយដាំក្នុងមួយវគ្គគឺចំនួន ១០,០០០ កូន ហើយត្រឹមរយៈពេលតែ២ខែប៉ុណ្ណោះ គឺបានទទួលផលហើយ។
កសិកររូបនេះបានថ្លែងប្រាប់ឱ្យដឹងពីបច្ចេកទេសនៃការដាំដំណាំត្រសក់ផ្អែមថា មុនដំបូង គឺគាត់បានទៅទិញគ្រាប់ពូជត្រសក់ផ្អែមនៅតាមទីផ្សារ ដែលមានតម្លៃ ១ កញ្ចប់ចំនួន ១២ ម៉ឺនរៀល ដែលមានគ្រាប់ពូជប្រហែល ៨០០ គ្រាប់ ហើយគាត់បានយកគ្រាប់ពូជនេះមកបណ្តុះ ត្រឹមរយៈពេលដប់បីថ្ងៃ ក៏យកទៅដាំ ដែលមានរៀបចំជាទ្រើងតាមបណ្តោយរងនីមួយៗដែលបានរៀបចំទុកជាមុន។
លោក ញឹក ថន បានបន្តថា ចាប់តាំងពីថ្ងៃបណ្តុះគ្រាប់រហូតដល់រយៈពេលពីរខែ គឺទទួលបានផលហើយ លោកថាដំណាំត្រសក់ផ្អែមនេះ គឺដាំបានទាល់តែមានប្រភពទឹកគ្រប់គ្រាន់ ហើយលោកដាំដំណាំត្រសក់ផ្អែមនេះ គឺដាំរបៀបជាសមាគមន៍ ដាំដាក់វេនគ្នា ដើម្បីកុំឱ្យចាល់ទីផ្សារ។
ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអរគុណដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ ដែលបានបញ្ជូនក្រុមការងារបច្ចេកទេសចុះមកត្រួតពិនិត្យជាប្រចាំ ជួយដល់កសិករលើការដាំដំណាំត្រសក់ផ្អែមនេះ។
លោក ញឹក ថន បានបញ្ជាក់ថា ចំពោះត្រសក់ផ្អែមដែលលោកដាំចំនួន ១០,០០០ កូន លោកទទួលបានទិន្នផលប្រហែល ២០ តោន ហើយមានឈ្មួញមកទទួលទិញយកទៅលក់បន្តដល់កន្លែង ហើយលោកក៏លក់រាយបានខ្លះៗដែរ ដោយក្នុងមួយគីឡូក្រាមតម្លៃ ៣,៥០០ ទៅ ៤,០០០ រៀលផងដែរ៕