(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់ ៧៣០នាក់ ខណៈអ្នកជំងឺចំនួន១៦៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៧៣០នាក់ រួមមាននៅរាជធានីភ្នំពេញ ៤៥៤នាក់, ខេត្តកណ្តាល ១០៧នាក់, ខេត្តព្រះសីហនុ ១២៤នាក់, ខេត្តកំពត ១នាក់, ខេត្តតាកែវ ១១នាក់, ខេត្តព្រៃវែង ៦នាក់, ខេត្តកំពង់ចាម ៤នាក់, ខេត្តត្បូងឃ្មុំ ៥នាក់, ខេត្តស្ទឹងត្រែង ១នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តកំពង់ធំ ១៤នាក់ និងខេត្តសៀមរាប ២នាក់។
សម្រាប់អ្នកជាសះស្បើយទាំង១៦៩នាក់វិញ រួមមាននៅរាជធានីភ្នំពេញ ៣៨នាក់, ខេត្តកណ្តាល ១៣នាក់, ខេត្តព្រះសីហនុ ៧៤នាក់, ខេត្តស្វាយរៀង ១៨នាក់, ខេត្តកំពង់ចាម ៩នាក់, ខេត្តប៉ៃលិន ១នាក់ និងខេត្តសៀមរាប២នាក់ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៤,៥២០នាក់, អ្នកជាសះស្បើយចំនួន ៥,៣៦៩នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩,០៤០នាក់ និងអ្នកស្លាប់ចំនួន១០៣នាក់៕