(កំពង់ចាម)៖ បុរសម្នាក់អាយុ២៤ឆ្នាំ រស់នៅភូមិខ្វិត ឃុំតាំងក្រសាំង ស្រុកបាធាយ បានទទួលមរណភាព ហើយពិនិត្យឃើញថា វិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមលិខិតរាយការណ៍របស់ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ផ្ញើជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។
របាយការណ៍របស់លោក គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កន្លងមកអ្នកជំងឺនេះបានទៅសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មួយរយៈពេលបន្ទាប់មក គាត់បានត្រឡប់មកផ្ទះវិញ ហើយមានអាការៈ ហត់ គាត់ក៏បានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកជើងព្រៃ។
ក្រោយមកមន្ទីរពេទ្យបង្អែកជើងព្រៃ ក៏បានបញ្ជូនគាត់ទៅ មន្ទីរពេទ្យខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ លុះនៅម៉ោង០៤៖៣០នាទីល្ងាច ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺរូបនេះ បានទទួលមរណភាព ហើយពិនិត្យឃើញថា មានវិជ្ជមានជំងឺកូវីដ១៩៕