(កោះកុង)៖ តែកុងឡានជនជាតិថៃម្នាក់ បើកឡានដឹកទំនិញពីប្រទេសថៃ បំណងចូលមកតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង ក៏ត្រូវសមត្ថកិច្ចប្រចាំការ នៅច្រកទ្វារអន្តរជាតិចាំយាម ធ្វើតេស្តរហ័សរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ ហើយក៏បានតម្រូវឱ្យជនជាតិថៃរូបនេះ ត្រលប់ក្រោយទៅទឹកដីថៃវិញ ថែមទាំងបានជូនដំណឹងទៅភាគីថៃ ដើម្បីនាំយកអ្នកជំងឺទៅព្យាបាល។

កាយវិការនេះ ស្ដែងអំពីកិច្ចសហការយ៉ាងល្អប្រសើររវាងភាគីទាំងពីរ ក្នុងការរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ខណៈប្រទេសទាំងពីរក៏កំពុងប្រឈមនឹងការរាតត្បាតធ្ងន់ធ្ងរ នៃជំងឺដ៏កាចសាហាវនេះផងដែរ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។

ក្រោយពីគ្រូពេទ្យធ្វើតេស្ត តាមឧបករណ៍រ៉ាពីតតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើសាមីខ្លួនជនជាតិថៃរូបនោះរួចមក ភ្លាមៗនោះ សមត្ថកិច្ចខាងភាគីកម្ពុជា បានទាក់ទងទៅកាន់អាជ្ញាធរថៃ ដើម្បីនាំយកខ្លួនតៃកុង (រួមទាំងរថយន្ត និងទំនិញផង) វិលត្រឡប់ទៅប្រទេសថៃវិញ និងផ្ដល់ការព្យាបាលតាមយន្តការរបស់គេ។

លោកវេជ្ជបណ្ឌិតបានបន្តថា នៅថ្ងៃទី១ ខែឧសភានេះដែរ ក្រុមលោកគ្រូពេទ្យប្រចាំការច្រកទ្វារ អន្តរជាតិចាំយាម បានធ្វើរ៉ាពីតតេស្តរហ័ស ទៅលើអ្នកបើករថយន្តដឹកទំនិញឆ្លងពីប្រទេសថៃ សរុប ២៨នាក់ ហើយក្នុងរយៈពេល៣ថ្ងៃ ក្រុមលោកគ្រូពេទ្យធ្វើតេស្តរហ័ស ទៅលើកអ្នកបើកបរដឹកទំនិញឆ្លងដែនពីប្រទេសថៃ ចូលមកផែស្ងួតតំបន់សេដ្ឋកិច្ចពិសសេខេត្តកោះកុង មានជាង ៣០០នាក់ ហើយការធ្វើតេស្តរហ័សនេះ គឺស្ទើរតែអវិជ្ជមានទាំងអស់ លើកលែងតែតៃកុងជនជាតិថៃម្នាក់ខាងលើនោះប៉ុណ្ណោះ ដែលមានវិជ្ជមានមេរោគកូវីដ១៩។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការដឹកទំនិញឆ្លងដែនអាជ្ញាធរអនុញ្ញាតឲ្យមានតែតៃកុង ១នាក់ប៉ុណ្ណោះ មិនឲ្យមាន២នាក់ឡើយ។

ប្រធានមន្ទីរសុខាភិបាលរូបនេះ បានអំពាវរនាវដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានគ្រប់តំបន់ ឲ្យចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលអនុវត្តន៍នូវវិធានការ ៣ការពារ ៣កុំ ថែរក្សាសុខភាព មានអនាម័យល្អក្នុងការរស់នៅ ដើម្បីការពារជំងឺដ៏កាចសាហាវនេះ៕