(ភ្នំពេញ)៖ មន្ត្រីគយ និងរដ្ឋាករតំណាងរបស់បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននាំយកជំនួយឧបត្ថម្ភ របស់សមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជូនដល់អង្គការ និងមណ្ឌលដែលជួយទំនុកបម្រុងកុមារកំព្រា និងកុមារមានជីវភាពខ្វះខាត ចំនួន០៤ ទីតាំងក្នុងរាជធានីភ្នំពេញ រួមមាន (១)បុរីទារកនិងកុមារជាតិ, (២)អង្គការបេសកកម្មសុខុមាលភាពសង្គមកម្ពុជា (ប.ស.ក), (៣)អង្គការផ្ទះបាយកុមារ និង (៤)អង្គការមូលនិធិកុមារនិងនិស្សិតក្រីក្រកម្ពុជា។
ជំនួយឧបត្ថម្ភដែលបានផ្តល់ជូននេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ -៣០ ខែមេសា ឆ្នាំ២០២១ ហើយសម្រាប់ទីតាំងនីមួយៗទទួលបានមានដូចជា អង្ករ ១ តោន, មី ៣ កេសធំ, ត្រីខកំប៉ុង ៥ កេសធំ, ទឹកស៊ីអ៊ីវ ១២ យួរ, ទឹកត្រី ១២ យួរ, ស្ករស ៥០ គ.ក្រ, ទឹកដោះគោខាប់ ២ កេសធំ, ប្រេងឆា ២៥ លីត្រ, សាប៊ូដុំលាងដៃ ២ កេស, សាប៊ូម្សៅ ២ កេស, អាល់កុល ២ កាន (ស្មើនឹង ៦០ លីត្រ), ម៉ាស់ ១០០០ បន្ទះ, ឧបករណ៍ស្ទង់កម្តៅ ១ គ្រឿង, ជែលលាងដៃ ៥០ ដប ព្រមទាំងថវិកាមួយចំនួនផងដែរ។
ការឧបត្ថម្ភនេះជាផ្នែកមួយនៃការចូលរួមទ្រទ្រង់ដល់កិច្ចដំណើរការ ក៏ដូចជាការចូលរួមលើកទឹកចិត្តដល់បុគ្គលិកស្ម័គ្រចិត្ត និងកុមារកំព្រា ដែលកំពុងបំពេញភារកិច្ច និងស្នាក់នៅក្នុងអង្គការនិងមណ្ឌលទាំង៤ សម្រាប់ដោះស្រាយការខ្វះខាត និងតម្រូវការជាមូលដ្ឋានផ្សេងៗ ជាពិសេសក្នុងគ្រាដ៏លំបាកនៃការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ ១៩ បន្ទាប់ពីព្រឹត្តការណ៍ឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ២០២១។
តំណាងអង្គការនិងមណ្ឌលកុមារកំព្រាទាំងបួន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ឌិត គុណ ញឹម ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភដល់កុមារងាយរងគ្រោះ ដោយទឹកចិត្តស្រឡាញ់ អាណិតអាសូរ និងជាពិសេសក្នុងស្ថានការណ៍ដ៏លំបាក នៃការរាតត្បាតជំងឺកូវីដ-១៩ ដែលបាន និងកំពុងបង្កផលប៉ះពាល់ ដល់សេដ្ឋកិច្ចរបស់កម្ពុជា និងពិភពលោកទាំងមូល។
គួរបញ្ជាក់ផងដែរថា មូលនិធិសប្បុរសធម៌ក្រោមក្របខណ្ឌសមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្កើតឡើងកាលពីឆ្នាំ២០២០កន្លងមក ក្នុងស្មារតីចូលរួមចំណែកផ្តល់ជំនួយគាំទ្រ សម្រាប់សម្រាលដល់ការលំបាកចំពោះ អង្គការ សមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះនានា៕