(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការអនុញ្ញាតគោលការណ៍ពិសេស ចំពោះការផ្គត់ផ្គង់ទំនិញជាតម្រូវការប្រចាំថ្ងៃក្នុង «តំបន់លឿងទុំ» និង «តំបន់លឿង» នៃភូមិសាស្ដ្ររាជធានីភ្នំពេញ។

ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ច្បាស់ថា សម្រាប់ «តំបន់ក្រហម» ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ត្រូវផ្អាកជាបណ្ដោះអាសន្ន។ ដោយឡែក សម្រាប់ «តំបន់លឿងទុំ» និង «តំបន់លឿង» រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកផ្គត់ផ្គង់អាហារគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ប៉ុន្ដែត្រូវផ្អាកអាជីវកម្ម នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ក្នុងអំឡុងពេលបិទខ្ទប់។

យ៉ាងណាមិញ ដោយពិនិត្យឃើញពីតម្រូវការចាំបាច់ និងស្ថានភាពអាជីវកម្មជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

* ទី១៖ រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់ម្ហូបអាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្នុង «តំបន់លឿងទុំ» និង «តំបន់លឿង» បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ អាចធ្វើដំណើរទៅទិញផលិតផល ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ និងអាចចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនចល័ត ឬលក់ដូរតាមលំនៅឋាន ចាប់ពីម៉ោង ៣ (បី) ទាបភ្លឺតទៅ ប៉ុន្តែត្រូវផ្អាកអាជីវកម្ម នៅម៉ោង៨យប់ ជាកំហិត
ស្របតាមខ្លឹមសារ នៃសេចក្តីសម្រេចលេខ ០៩៧/២១ សសរ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១របស់រដ្ឋបាលរាជធានីភ្នំពេញ។

* ទី២៖ រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់ម្ហូបអាហារ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ក្នុង «តំបន់លឿងទុំ» និង «តំបន់លឿង» ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ខាងក្រោមនេះជាសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖