(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន១៤នាក់បន្ថែមទៀត នៅស្រុកស្ទោង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ រស់នៅមូលដ្ឋានឃុំកំពង់ចិនត្បូង និងឃុំសំព្រោជ ស្រុកស្ទោង ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានម្នាក់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១កន្លងទៅ។ បច្ចុប្បន្នអ្នកជំងឺកូវីដទាំង១៤នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្ទោង។
កន្លងមករដ្ឋបាលខេត្ត ក៏បានដាក់ចេញវិធានការរដ្ឋបាលបិទភូមិលាបទង និងផ្សារសេរីស្ទោង ជាបណ្ដោះអាសន្នសំដៅគ្រប់គ្រង និងបញ្ចប់ព្រឹត្តិការណ៍ភូមិលាបទងឲ្យបានឆាប់បំផុត។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ សូមរួសរាន់ទៅផ្ដល់សំណាក នៅសាលាបឋមសិក្សាឈើទាល៕