(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំក្រុមការងារគណៈកម្មការប្រតិបត្តិ នៃ គ.ប.ខ ចុះល្បាតត្រួតពិនិត្យជុំវិញបរិវេណ «តំបន់ក្រហម» ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការរស់នៅ និងការធ្វើចរាចររបស់ប្រជាពលរដ្ឋ ពិសេសបង្ការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ក្រោយមានបទបញ្ជាបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
ក្នុងនោះក៏មានការចូលរួមពី លោក ប្រាជ្ញ សីហា និងលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ, លោក រស់ គា មេបញ្ជាការរងអាវុធហត្ថខណ្ឌ និងកម្លាំងសមត្ថកិច្ចជាច្រើនរូបទៀតផងដែរ ស្ថិតនៅជុំវិញបរិវេណ «តំបន់ក្រហម» ផ្សារធំទួលសង្កែ (ហៅផ្សារសាំហាន់) សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។
លោក ជា ពិសី ក្រៅពីការដឹកនាំចុះល្បាតត្រួតពិនិត្យដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការរស់នៅ និងការធ្វើចរាចររបស់ប្រជាពលរដ្ឋ ពិសេសការបង្ការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ នេះដែរ បានអនុវត្តឡើងជាបន្តបន្ទាប់ ក្រោយពីរដ្ឋបាលខណ្ឌឫស្សីកែវ ទទួលបានសេចក្ដីសម្រេចស្ដីពីការកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងកំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់តាមសេចក្ដីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាបថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលរយៈពេល ៧ថ្ងៃបន្ថែមទៀត គិតចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១៕