(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើដំណើរល្បាតតាមរថយន្តនៅក្នុងមូលដ្ឋានមួយចំនួនក្នុងរាជធានីភ្នំពេញ ពិសេសនៅតំបន់ពណ៌លឿងទុំ និងតំបន់ក្រហម។

ការចុះល្បាតខាងលើនេះ ធ្វើឡើងនៅតាមផ្លូវតូចធំនានាក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌទួលគោក ក្នុងគោលបំណងតាមដាន ត្រួតពិនិត្យទីតាំងបិទខ្ទប់ និងពិនិត្យកម្លាំងមាន សមត្ថកិច្ចពាក់ព័ន្ធដែលដាក់នៅតាមគោលដៅទាំងនោះ តើបានបំពេញការងារតាមការណែនាំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងកម្រិតណា ហើយកម្លាំងដែលបានណែនាំឱ្យធ្វើការល្បាតក្នុងមូលដ្ឋានបិទខ្ទប់នោះ អនុវត្តបានក្នុងកម្រិតណាដែរ លើវិធានការបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ១៩នេះ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នៅសាលារាជធានីភ្នំពេញ ស្តីពីវិធានការផ្សេងចំពោះតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ កាលពីចុងខែមេសានេះ លោកឃួង ស្រេង បានបញ្ជាក់ថា «តំបន់ក្រហម គឺជាតំបន់ដែលអាជ្ញាធររាជធានីភ្នំពេញ ធ្វើការបិទខ្ទប់១០០ភាគរយ ហើយតំបន់លឿងទុំ ក៏ជាតំបន់មួយ ដែលអាជ្ញាធរត្រូវបិទខ្ទប់យ៉ាងម៉ឺងម៉ាត់ផងដែរ ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩»

ការងារនេះ លោកអភិបាលបានជំរុញឱ្យអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែអនុវត្តអោយមានប្រសិទ្ធភាព ដើម្បីកុំឲ្យមានការការរីករាលដាលជំងឺកូវីដ១៩ខ្លាំងឡើង ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕