(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីក្រោមឱវាទចុះល្បាតពិនិត្យព្រំប្រទល់ច្រកចូលខេត្តប៉ៃលិន និងខេត្តបាត់ដំបង (ស្រុកកំរៀង-ស្រុកសាលាក្រៅ និង ស្រុករតនមណ្ឌល-ក្រុងប៉ៃលិន) ដើម្បីរឹតបន្តឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កុំឱ្យចូលក្នុងសហគមន៍នៃខេត្តប៉ៃលិន។
ក្នុងឱកាសនោះ លោកស្រីអភិបាលខេត្តបានរៀបចំប៉ុស្តិ៍ត្រួតពិនិត្យសុខភាព ដើម្បីបន្តរឹតបន្តឹងយន្តការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ការពារសុវត្ថិភាពសុខភាពជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល និងបានផ្សព្វផ្សាយវិធានការនានា ស្របតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺវិធានការ ៣ការពារ ៣កុំ។
លោកស្រីអភិបាលខេត្ត បាន ស្រីមុំ បានណែនាំបន្ថែមដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ត្រូវវាស់កម្ដៅប្រជាពលរដ្ឋដែលធ្វើដំណើរចូលមកខេត្តប៉ៃលិន ត្រូវមានការសួរនាំអំពីទីកន្លែងដែលអ្នកធ្វើដំណើរចេញមក ប្រសិនបើមកពីតំបន់ក្រហម ឬតំបន់មានហានិភ័យ អាជ្ញាធរត្រូវនាំពួកគាត់ទៅធ្វើចត្តាឡីស័ក កុំឲ្យពួកគាត់ចូលមកក្នុងខេត្តប៉ៃលិនជាដាច់ខាត ដើម្បីកុំឲ្យសាយភាយមេរោគចូលមកក្នុងសហគមន៍នៃខេត្តប៉ៃលិន។
ជាមួយគ្នានោះ លោកស្រីអភិបាលខេត្តក៏បានណែនាំដល់កងកម្លាំងទាំង៣ប្រភេទ ត្រូវតែមានភាពទន់ភ្លន់រួសរាយរាក់ទាក់ជាមួយប្រជាពលរដ្ឋ បម្រើគាត់ដោយភាពទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ វិន័យជាកងកម្លាំង។ ម្យ៉ាងវិញទៀត សូមកងកម្លាំងរក្សាអនាម័យ ពាក់ម៉ាស់ បាញ់អាល់កុលមុននិងក្រោយជួបប្រជាពលរដ្ឋ ពិសេសកុំភ្លេចវិធានការ ៣ការពារ និង៣កុំ៕