(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ អមដំណើរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ចំនួន ៣ភូមិ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋទាំងនោះរួមមាននៅភូមិក្បាលស្ពាន១ ចំនួន ៥៥គ្រួសារ ភូមិក្បាលស្ពាន២ ចំនួន ១១៧គ្រួសារ និងភូមិសាមគ្គីមានជ័យ ចំនួន ១៧គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស។
ក្នុងឱកាសនោះ លោកមេបញ្ជាការរងយោធភូមិភាគទី៥ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវចូលរួមពាក់ម៉ាសជាប់ជាប្រចាំ រក្សាគម្លាត លាងដៃនឹងទឹកអាល់កុល ឬជែល ព្រោះទីផ្សារមានមនុស្សច្រើនដូចនេះ ត្រូវតែចូលរួមការពារទាំងអស់គ្នា ដោយអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរីករាលដាលនៅរាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែត ក៏ដូចជាខេត្តដទៃទៀតផងដែរ៕