(ភ្នំពេញ)៖ ប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ក្រហម ដែលជាកន្លែងប្រឈមខ្លាំងនឹងការឆ្លងជំងឺកូវីដ១៩នោះ បានបង្ហាញក្តីរីករាយជាពន់ពេកនៅពេលទទួលបានឱកាសចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។ ពួកគេបានមើលឃើញថា វ៉ាក់សាំងជាកងការពារដ៏រឹងមាំសម្រាប់សុខភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ។ ការចាក់វ៉ាក់សាំង ត្រូវបានធ្វើឡើងនៅទីតាំងចំនួន៤៤ ក្នុងសង្កាត់ចំនួន៣៣ នៃខណ្ឌកំបូល ពោធិ៍សែនជ័យ ដង្កោ និងខណ្ឌមានជ័យ។
ដើម្បីសម្រួលដល់ការងារចាក់វ៉ាក់សាំង និងធ្វើឱ្យបានលឿននោះ ក្រុមការងារចាក់វ៉ាក់សាំងមកពីក្រសួងការពារជាតិ បានសហការជាមួយអាជ្ញាធរតាមមូលដ្ឋាន ចុះផ្សព្វផ្សាយពីការចាក់វ៉ាក់សាំង និងបានផ្តល់បណ្ណកម្រងព័ត៌មានជូនទៅប្រជាពលរដ្ឋឱ្យពួកគេបំពេញជាមុនផងដែរ។
នៅតាមមណ្ឌលចាក់វ៉ាក់សាំងទៀតសោត ត្រូវបានរៀបចំតាមដំណាក់កាលជាលំដាប់លំដោយ រួមមានការចាប់លេខរៀង ការសាកសួរព័ត៌មានសុខ ចាក់ថ្នាំ និងធ្វើបណ្ណសម្គាល់ការចាក់វ៉ាក់សាំង។ នៅតាមទីតាំងចាក់វ៉ាក់សាំង ត្រូវបានរៀបចំដោយភ្ជាប់ជាមួយវិធានសុខាភិបាលក្នុងការបង្ការជំងឺកូវីដ១៩ ដូចជាវាស់កម្តៅ បាញ់អាល់កុល ពាក់ម៉ាស់ និងអង្គុយរក្សាគម្លាតជាដើម។
អ្នកស្រី សុខា ឌីណែត ពលរដ្ឋរស់នៅក្នុងខណ្ឌកំបូល បានយល់ច្បាស់ពីគុណប្រយោជន៍របស់វ៉ាក់សាំងកូវីដ១៩ ដែលនឹងជួយការពារសុខភាពរបស់អ្នកស្រីមិនឱ្យឆ្លងជំងឺកូវីដ១៩។ និយាយជាមួយសម្តីមាត់ៗ និងមាំផងនោះ អ្នកស្រី ឌីណែត បានបញ្ជាក់ដូច្នេះ «ខ្ញុំមកនេះ ដើម្បីសុវត្ថិភាពខ្លួនខ្ញុំផ្ទាល់ ព្រោះជំងឺកូវីដ១៩ យើងដឹងហើយនៅទូទាំងពិភពលោកមានការរាតត្បាតខ្លាំង។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំត្រូវតែមកទទួលវ៉ាក់សាំង»។
យុវជន ចិត្រ វិសាល មានអាសយដ្ឋាននៅខណ្ឌកំបូលដែរនោះ ក៏បានយល់ដឹងពីគុណតម្លៃនៃវ៉ាក់សាំងនេះផងដែរ។ វិសាល មិនបានព្រួយបារម្ភលើការបង្កទុក្ខទោសលើសុខភាពក្រោយចាក់វ៉ាក់សាំង ដូចការផ្សព្វផ្សាយមួយចំនួននោះឡើយ។
អ្នកស្រី ឌីណែត និងលោក ចិត្រ វិសាល បានបង្ហាញអារម្មណ៍រីករាយចំពោះការទទួលបានឱកាសចាក់វ៉ាក់សាំងនេះ។ ពលរដ្ឋក្នុងខណ្ឌកំបូលទាំងពីររូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត ដែលមិនទាន់បានចាក់វ៉ាក់សាំង អញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩។
កម្ពុជា បានទទួលវ៉ាក់សាំងជាង ៤លានដូសហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ និងចាក់ជូនពលរដ្ឋបានជាង ១.៣លានដូស។ វត្តមានវ៉ាក់សាំង និងការចាក់ជូនប្រជាពលរដ្ឋបានចំនួនច្រើន គឺជាកិច្ចខិតខំប្រឹងប្រែង និងជាការគិតគូរយ៉ាងម៉ត់ចត់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំង បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការគិតគូររបស់សម្តេចតេជោ លើកសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ បានទទួលវ៉ាក់សាំង បានគោរពរថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅ និងបួងសួងសូមឱ្យសម្តេចតេជោ បន្តដឹកនាំនាវាកម្ពុជាទៅមុខបន្តទៀត៕