(ភ្នំពេញ)៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែមីនានេះ បានថ្លែងបញ្ជាក់ថា សម្ដេចចង់ឲ្យរដ្ឋមន្ត្រីពីររូបគឺរដ្ឋមន្ត្រីក្រសួងអប់រំ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលកាន់កាប់ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំនូវការជួបជុំគ្នាមួយ រវាងសម្ដេច និងកីឡាករគ្រប់ប្រភេទកីឡា នៅមុនចូលឆ្នាំខ្មែរ ហើយសម្ដេចតេជោ ជាអ្នកទទួលខុសត្រូវការចំណាយ លើអាហារ សម្រាប់បរិភោគមួយពេល នៃការជួបជុំគ្នានោះ។
ការថ្លែងបែបនេះរបស់សម្ដេចតេជោ ធ្វើឡើងនៅក្នុងឱកាស ដែលសម្ដេចអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាការជ័យលាភី នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៨ នៅប្រទេសសង្ហបុរី និងក្រុមកីឡាបាល់ទាត់ Cambodia All Stars ដែលរៀបចំឡើងនៅវិមានសន្ដិភាព។
សម្ដេចបានថ្លែងបន្តទៀតថា កម្មវិធីនោះសម្ដេចចង់រៀបចំនៅពេលល្ងាចនាកោះពេជ្រ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីសម្ដេចចូលរួមជាអធិបតីសម្ពោធអគាររដ្ឋាភិបាលសាលាក្រុងភ្នំពេញ នៅពេលព្រឹក។
សម្ដេចបានថ្លែងថា «ថ្ងៃ០៤ មេសាគឺសម្ពោធសាលាក្រុងភ្នំពេញ ហើយខ្ញុំគិតថា យកល្ងាចថ្ងៃ០៤ មេសា (រៀបចំពិធីឈប់លៀងជាមួយកីឡាករ) ដោយសារតែថ្ងៃ០៤ មេសា ជាថ្ងៃកំណើតសិប្បនិមិត្តរបស់ខ្ញុំ ដែលគេជូនពរ ជារៀងរាល់ឆ្នាំ ហើយចំថ្ងៃចន្ទ ដែលអត់មានការប្រកួតបាល់ ព្រោះការប្រកួតបាល់ មានតែថ្ងៃសៅរ៍-អាទិត្យប៉ុណ្ណោះ»។
សម្ដេចតេជោហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា នៅក្នុងពិធីជប់លៀងជូនកីឡាករគ្រប់ប្រភេទ ប្រមាណជា ៥ពាន់នាក់ នៅមុនចូលឆ្នាំខ្មែរនេះ នឹងមានក្រុមតន្ត្រីប្រគំដើម្បីឲ្យកីឡាករ-កីឡាការិនី រាំច្រៀងលេងសប្បាយ៕