(ភ្នំពេញ)៖ ដើម្បីជួយសម្រួលលើកស្ទួយដល់ជីវភាពរស់នៅប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ ដែលប្រកបរបររកទទួលទាន ផ្នែកលក់ដូរបន្លែ ត្រី សាច់ និងដើម្បីប្រជាពលរដ្ឋងាយរកទិញម្ហូបអាហារ មិនមានការព្រួយបារម្ភ និងបង្ការ ការរីករាលដាលនៃជំងឺកូវីដ១៩នោះ រដ្ឋបាលខណ្ឌច្បារអំពៅ រៀបចំទីតាំងលក់ដូរបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋនៅលើទីតាំងមួយកន្លែង។
លោក ញាណ ចាន់សោភា នាយករដ្ឋបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមរបស់អភិបាលខណ្ឌ លោក ចេង មុនីរ៉ា បានចាត់ក្រុមការងារ ចុះរៀបចំទីតាំងលក់ដូរ បណ្តោះអាសន្ននេះឡើង ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត លក់ដូរបន្លែ ត្រី សាច់។
លោកនាយកបញ្ជាក់ថា ទីតាំងនេះស្ថិតនៅលើផ្លូវព្រែកបារាំង ភូមិបឹងឈូក សង្កាត់និរោធ គឺនៅផ្លូវក្រោយជាប់របងវត្តនិរោធតែម្តង។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌច្បារអំពៅ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរ ត្រូវអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ «៣កុំ និង៣ការពារ»។ អ្នកលក់ និងអ្នកទិញគឺត្រូវពាក់ម៉ាស់ទាំងអស់គ្នា និងរក្សាគំលាតសុវត្ថិភាព៕