(សៀមរាប)៖ លោក ម៉ឺន ឆាន់ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង ខេត្តសៀមរាប និងលោក ម៉ន សំអាត ប្រធានព័ត៌មាន ព្រមទាំងសមាជិកសមាជិកា ដោយមានការចូលរួមពីសម្ព័ន្ធយុវជន ស្រទ្បាញ់សន្តិភាព ដឹកនាំដោយលោក រ៉េន រក្សា បានយកអំណោយប្រគល់ជូន លោក ពៅ ប៊ុនធឿន គណៈអភិបាលស្រុក កងកម្លាំង គណៈបញ្ជាការឯកភាពស្រុកជីក្រែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ការនាំអំណោយប្រគល់ជូនខាងលើនេះ ដើម្បីចូលរួមកាត់បន្ថយការលំបាកជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ។
អំណោយដែលនាំយកមកប្រគល់ជូនរដ្ឋបាលស្រុកជីក្រែង នាពេលនេះ រួមមាន៖ ទឹកសុទ្ធ ៥០យួរ, ទឹកសុទ្ធវីតាល់ ២កេស, មីម៉ាម៉ា ៥កេស, ត្រីខ ៥យួរ, អាកុល ៦០លីត្រ, ម៉ាស ៥០០ម៉ាស និងថវិកាមួយចំនួនផងដែរ។
ក្នុងឱកាសនោះផងដែរ លោក ម៉ឺន ឆាន់ បានមានមតិផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ សូមចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំ របស់សម្តេចតេជោ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសឱ្យផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕