(ក្រចេះ)៖ ក្រោយពីយុទ្ធនាការបង្រ្កាប បទល្មើសព្រៃឈើរបស់គណៈកម្មការថ្នាក់ជាតិ នៅតាមទីតាំងក្រុមហ៊ុន វិនិយោគរួចមក អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ខេត្តក្រចេះ បានបន្តវិធានការចុះចាប់រឹបអូសរថយន្តច្នៃនៅតាមលំនៅឋានរបស់អ្នកភូមិ។ សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់រថយន្តទាំងនេះ ភាគច្រើនប្រើជាមធ្យោបាយដឹកជញ្ជូនឈើចេញពីព្រៃមកកាន់ក្រុមហ៊ុនតែម្តង។
វិធានការចុះបង្រ្កាបរថយន្តច្នៃធន់យក្សដែលគេឲ្យឈ្មោះថា រថយន្ត «បង្កុង» របស់អាជ្ញាធរមានសមត្ថកិច្ចខេត្តក្រចេះ នៅពេលនេះ បានធ្វើឡើងក្រោមការដឹកនាំដោយស្ថាប័នអយ្យការ អមសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០១៦នេះ។ យុទ្ធនាការនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងក្រោយពីប្រតិបត្តិការចុះបង្រ្កាបបទល្មើសព្រៃឈើ របស់គណៈកម្មាធិការថ្នាក់ជាតិ នាពេលកន្លងទៅ ដែលការចុះបង្ក្រាបលើបទល្មើសព្រៃឈើ បានធ្វើឡើងនៅក្រុមហ៊ុនវិនិយោគព្រៃសម្បទានធំៗមួយចំនួននៅក្នុងខេត្ត។ នៅពេលនេះយុទ្ធនាការក៏ត្រូវបានស្ងប់ស្ងាត់ទៅវិញចំណែកឯតួរលេខចំនួនឈើ ដែលបានចាប់រឹបអូស ក៏នៅមិនទាន់បានបង្ហាញនៅឡើយដែរ។ សេចក្តីរាយការណ៍បានឲ្យដឹងថា មានរថយន្តច្នៃប្រភេទ ឫរថយន្តបង្កុងចំនួន២១គ្រឿង ក្នុងនោះមាននៅស្រុកស្នួល ចំនួន២គ្រឿង និងនៅស្រុកចិត្របុរីចំនួន១៩គ្រឿង ដែលចតទុកគ្របតង់នៅក្នុងដីឡូតិ៍តាមផ្ទះ ត្រូវបានសមត្ថកិច្ចខេត្ត ក្រោមការដឹកនាំដោយលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងខេត្តបានកំណត់ថា នឹងត្រូវរឹបអូសយកមករក្សាដើម្បីមានវិធានការតាមច្បាប់ ប៉ុន្តែត្រូវបានផ្លាស់ប្តូរនីតិវិធីទៅវិញ ក្រោយពីម្ចាស់រថយន្ត មិនសហការអនុវត្ត ធ្វើតាម។ សមត្ថកិច្ចក៏បានបង្វែនីតិវិធីដោយតម្រូវឲ្យម្ចាស់រថយន្តទាំងអស់នេះធ្វើកិច្ចសន្យាថែរក្សាទុករថយន្តតាមផ្ទះរៀងៗខ្លួន តែតម្រូវមិនឲ្យមានការកែច្នៃបន្តទៀតឡើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់លោកវរសេនីយ៍ឯក ហន ប៉ូច ស្នងការរងកណ្តាល សណ្តាប់ធ្នាប់។
ខេត្តក្រចេះត្រូវបានគេមើលឃើញថា ការប្រើប្រាស់រថយន្តកែច្នៃមានការកើនឡើងច្រើន ហើយរថយន្តទាំងនោះ ត្រូវបានម្ចាស់អះអាងថា ការច្នៃមានតម្លៃខ្ពស់ ហើយមិនមែនតែសម្រាប់យកទៅស៊ីឈ្នួលដឹកឈើឲ្យក្រុមហ៊ុននោះទេ គឺមានខ្លះកែច្នៃសម្រាប់ដឹកដើមឬស្សី ដឹកដំឡូង និងដឹកទំនិញទៅលក់នៅតាមក្រុមហ៊ុន នារដូវវស្សាទឹកជន់ និងមានមួយចំនួនយកទៅស៊ីឈ្នួលដឹកឈើក្នុងព្រៃឲ្យក្រុមហ៊ុន៕