(កណ្តាល)៖ រសៀលថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បាននាំគ្រឿងឧបភោគបរិភោគ (លើកទី ២) សម្រាប់ឧបត្ថម្ភគាំទ្រដល់ ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋមានជីវភាពទាប និងកម្មករ-កម្មការិនី នៅក្នុងមូលដ្ឋានស្រុកពញាឮ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដែលបង្កឡើងដោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន១.៣៥៥គ្រួសារ។
ប្រជាពលរដ្ឋមួយគ្រួសារទទួលបាន៖ អង្ករ ចំនួន ៥០ គីឡូក្រាម, ទឹកត្រី ០១ យួរ, ទឹកស៊ីអីវ ០១ យួរ និងត្រីខ ចំនួន ០១យួរ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងមកនេះ លោករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភដល់គ្រួសារក្រីក្រក្នុងស្រុកពញាឮ (លើកទី១) ចំនួន ២.០៣០គ្រួសារ នូវអង្ករចំនួន១០២តោន, ប្រគេនទេយ្យទានដល់វត្ត និងសមាគមដូនជីទាំង ៥១ នៅក្នុងស្រុកពញាឮ រួមមាន៖ អង្ករចំនួន ២១ តោន, ទឹកត្រីចំនួន ២៥៥យួរ, ទឹកស៊ីអីវចំនួន ២៥៥ យួរ, ត្រីខចំនួន ៥០ កេស និងមីចំនួន ៥៧ កេសធំ, ឧបត្ថម្ភជាថវិកាដល់មន្រ្តីរាជការសាលាស្រុកពញាឮ ក្រុមគ្រូពេទ្យ កម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុកដែលប្រចាំការ និងការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមមណ្ឌលចត្តាឡីស័ក ការត្រួតពិនិត្យការហាមឃាត់ការធ្វើដំណើរ និងប្រជាការពារភូមិចំនួន ២.០៣១នាក់ ដែលយាមប្រចាំការតាមមណ្ឌលសកម្មភាពទាំង ១៥៤មណ្ឌលផងដែរ។
ជាមួយគ្នានេះ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ នៅកម្ពុជា, លោករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ពីសុខទុក្ខ និងធ្វើការឧបត្ថម្ភជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកពញាឮ ដូចជា៖ ថវិកា គ្រឿងឧបភោគ បរិភោគ សាប៊ូលាងដៃ អាល់កុល និងម៉ាស់ជាដើម។
បន្ថែមពីនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនដែលបាន និងកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កទាំងអស់ក្នុងស្រុកពញាឮ លោករដ្ឋមន្រ្តី បានឧបត្ថម្ភនូវគ្រែសម្រាកចំនួន ២៥០គ្រែ និងការហូបចុកផងដែរ៕