(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងបន្តបញ្ចុះតម្លៃអង្ករ ជូនដល់ប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីធានាបានស្ថិរភាពតម្លៃ និងសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ក្នុងអំឡុងពេលប្រទេសកម្ពុជា កំពុងរងនូវវិបត្តិកូវីដ១៩ សហព័ន្ធស្រូវអង្ករកម្ពុជា បានសហការជាមួយ ក្រសួងពាណិជ្ជកម្ម ក្នុងការបញ្ចេញអង្ករ ទៅកាន់តំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឲ្យបានគ្រប់គ្រាន់ និងមានតម្លៃទាបជាងទីផ្សារ។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ទៀតថា ដោយក្នុង១ប៉ាវ បញ្ចុះតម្លៃពី១ម៉ឺន ទៅ២ម៉ឺនរៀល ក្នុងតម្លៃគោល ធ្វើយ៉ាងណាជួយសម្រួល ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានប្រសើរក្នុងកាលៈទេសៈដ៏លំបាកនេះ។
គូសបញ្ជាក់ថា រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៩ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម លក់ស្បៀងជូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម បានអង្ករ៣៣៣១ប៉ាវ, មី៩៦៦៥កេស, ត្រីខ៥៥២៤យួរ និងគ្រឿងបរិភោគមួយចំនួនទៀត រួមទាំងបន្លែបង្ការមួយចំនួនផងដែរ៕