(កំពង់ឆ្នាំង)៖ សត្វគោមួយក្បាលក្នុងចំណោមសត្វគោជាង ១០ក្បាលដែលចូលទៅស៉ីស្មៅនៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ បានត្រូវគ្រាប់កាំភ្លើងចំក្បាលដេកងាប់នៅនឹងកន្លែង ដែលករណីនេះ ត្រូវបានអ្នកស្រុកចោទប្រកាន់ថា លោកអភិបាលស្រុកគឺជាអ្នកបាញ់ដោយសារតែខឹងសត្វគោរបស់អ្នកស្រុកចូលទៅស៉ីស្មៅ ជុះអាចម៏រញ៉េរញ៉ៃពេញសាលាស្រុក តែតាមសមត្ថកិច្ចដែលចុះទៅស្រាវជ្រាវបានអះអាងថាតាមពិតលោកអភិបាលស្រុកគ្មានចេតនាបាញ់សម្លាប់សត្វគោរបស់អ្នកស្រុកនោះទេ គឺគាត់បាញ់ភ្ជុចដីស្ដារកាណុងកាំភ្លើង តែគ្រាប់បានផ្លាតទៅត្រូវសត្វគោងាប់តែម្ដងទៅ។
ករណីលោកអភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ប្រើប្រាស់កាំភ្លើងអាកា បាញ់ត្រូវគោអ្នកស្រុកងាប់ខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ ស្ថិតក្នុងបរិវេណសាលាស្រុកតែម្ដង ខណៈដែលលោក វន សុផា អភិបាលស្រុកសាមគ្គីមានជ័យ បានយកកាំភ្លើងអាកាស្វាយបត់មកបាញ់សាកស្ដារកាណុងបណ្តាលឲ្យគ្រាប់ផ្លាតទៅត្រូវសត្វគោអ្នកស្រុក តែក្រោយមកសមត្ថកិច្ចបានហៅម្ចាស់គោទៅសម្របសម្រួលដោយផ្ដល់សំណងចំនួន៤លានរៀលបញ្ចប់រឿងដោយសមត្ថកិច្ចជាអ្នកយកសត្វគោដែលងាប់នោះ។
តាមប្រជាពលរដ្ឋដែលនៅជុំវិញសាលាស្រុកសាមគ្គីមានជ័យ បានបញ្ជាក់នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២១ ពួកគាត់បានឮសំឡេងផ្ទុះអាវុធចំនួន ២គ្រាប់ នៅក្នុងសាលាស្រុក បន្ទាប់មកឃើញមានសត្វគោមួយហ្វូងដែលគេលែងចោលកំពុងដើរស៉ីស្មៅនៅក្នុងបរិវេណសាលាស្រុករត់ចេញប្រសាច ហើយក៏មានសត្វគោឈ្មោលមួយក្បាលដេកងាប់នៅក្នុងសាលាស្រុកដោយមានស្នាមរបួសត្រង់ក្បាលផងដែរ។
ដោយឡែកប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធដែលជាម្ចាស់គោ ប្តីឈ្មោះ ខែក គឿន អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ ឡឹក ស្រី មានទីលំនៅក្នុងភូមិមានកលិច ឃុំមានក ស្រុកសាមគ្គីមានជ័យ បានរៀបរាប់បញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នេះ ឲ្យដឹងថា គាត់មានគោចំនួន១៣ក្បាល បានលែងឲ្យដើរស៊ីស្មៅ នៅក្រៅភូមិឯណោះទេ តែទម្លាប់នៅពេលដែលមានមេឃរកភ្លៀង គោរបស់គាត់តែងតែរត់មកផ្ទះវិញ តែដោយសារផ្ទះគាត់នៅជិតសាលាស្រុកខាងលើនេះ ទើបគោគាត់បានចូលទៅស៉ីស្មៅនៅក្នុងបរិវេណសាលាស្រុកដូចសព្វដង។ ពួកគាត់បានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ គោរបស់គាត់បានត្រឡប់មកផ្ទះវិញតាំងពីថ្ងៃ ហើយវាក៏បានចូលទៅស៉ីស្មៅក្នុងបរិវេណសាលាស្រុកដូចដែលធ្លាប់ចូលទៅស៉ីដូចរាល់ដង។លុះនៅវេលាម៉ោងប្រមាណជា៤រសៀល មានប្រជាពលរដ្ឋនៅក្នុងភូមិបានមកប្រាប់គាត់ថា គោរបស់គាត់១ក្បាលត្រូវបានគេបាញ់ងាប់នៅក្នុងសាលាស្រុក បន្ទាប់ពីទទួលបានដំណឹងនេះ ភ្លាមគាត់ក៏បានទៅសាលាស្រុកនឹងបានឃើញ គោរបស់គាត់មួយក្បាលងាប់ពិតប្រាកដមែនដោយមានស្នាមរបួសត្រង់ក្បាលធ្លាយមកក្រោយទៀតផង។នៅល្ងាចនោះផងដែរ គាត់ដែលជាម្ចាស់គោត្រូវបានសមត្ថកិច្ចហៅទៅចរចាដោះស្រាយនៅសាលាស្រុកសាមគ្គីមានជ័យ ដោយគេសងសំណងមកឱ្យគាត់ដែលជាម្ចាស់គោចំនួន៤ លានរៀល ចំណែកគោបានប្រគល់ឱ្យសមត្ថកិច្ច។
ជុំវិញករណីខាងលើនេះលោកឧត្តមសេនីយត្រី អៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផែនសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នេះ ឲ្យដឹងថា ករណីដែលមានសត្វគោមួយក្បាលងាប់នៅក្នុងបរិវេណសាលាស្រុកសាម្គ្គីមានជ័យ កាលពីល្ងាចថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ម្សិលមិញ ឆ្លងតាមការស៊ើបអង្កេត និងស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរង ទទួលផែនព្រហ្មទណ្ឌបានរកឃើញថា ករណីដែលបណ្ដាលអោយគោមួយក្បាលងាប់ក្នុងបរិវេណសាលាស្រុកខាងលើនេះ គឺបណ្ដាលមកពីលោក វន ស៊ីផា អភិបាលស្រុកសាម្គីមានជ័យ បានយកកាំភ្លើងអាកាបត់មកបាញ់ភ្ជុចដីសាកស្ដារកាណុងបណ្ដាលឱ្យគ្រាប់កាំភ្លើងផ្លាតត្រូវចំក្បាលគោងាប់តែម្តង។
លោកឧត្តមសេនីយ៍បានបន្តឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បានដកហូតអាវុធអាកាបត់មួយដើម និងគ្រាប់១ ទុសៀ ពីលោក វន សុផា អភិបាលស្រុកសាមគ្គីមានជ័យ យកមកកាន់ស្នងការដ្ឋានផងដែរ៕