(ភ្នំពេញ)៖ នៅថ្ងៃទី0១ ខែឧសភា ឆ្នាំ២០២១ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បាននាំយកគ្រឿងឧបភោគបរិភោក សម្ភារៈ ថវិកា និងជួបសំណេះសំណេះជាមួយអាជ្ញាធរមូលដ្ឋាននៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ដើម្បីដាក់ចេញនូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលឆ្លងចូលសហគមន៍ឲ្យមានប្រសិទ្ធភាព។
ថ្លែងនាឱកាសនោះ លោករដ្ឋមន្រ្តី វង សូត បានថ្លែងថា ក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកម្ពុជាអាចធ្វើបាននូវអ្វីៗ ដើម្បីជាប្រយោជន៍ជាតិ និងជាប្រយោជន៍ដ៏ពិតប្រាកដ ជាក់ស្តែងគឺការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះតែម្តង ដែលក្នុងមួយរយៈពេលខ្លីនេះ យើងអាចសម្រេចបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រហូតដល់រាបលាននាក់មកហើយ ហើយនឹងខិតខំបន្តទៀត ក្នុងការជំរុញឱ្យប្រជាជនកម្ពុជាត្រូវបានទទួលវ៉ាក់សាំងកូវីដ-១៩ ស្របទៅតាមផែនការសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩។
លោករដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះមន្រ្តីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលបានចូលរួមអនុវត្តគ្រប់គ្នាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នាពេលកន្លងមក ពិសេសគឺអនុវត្តតាមការវិធានការណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល នូវវិធាន ៣កុំ និង៣ការពារ។
លោករដ្ឋមន្រ្តី វង សូត បានណែនាំឲ្យអាជ្ញាធរ ត្រូវចុះពន្យល់ដល់ប្រជាពលរដ្ឋដែលនៅមូលដ្ឋានរបស់ខ្លួន យល់ដឹងពីបញ្ហាប្រឈម នៅពេលមានជនណាដែលបានលួចគេចចេញពីតំបន់បិទខ្ទប់នៅ ក៏ដូចជាតំបន់ងាយរងគ្រោះដោយសារវីរុសកូវីដ-១៩ទូទាំងប្រទេស ចូលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវរាយការណ៍ជូនដល់អាជ្ញាធរឃុំ ស្រុក ខេត្ត និងមន្ត្រីសុខាភិបាលជាបន្ទាន់ ដើម្បីមានវិធានការនាំយកបុគ្គលនោះ មកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ។
លោករដ្ឋមន្រ្តី វង សូត បានជំរុញនិងក្រើនរំលឹកដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត រាល់វិធានការនានាដែលបានដាក់ចេញ ដោយសហការឲ្យបានល្អជាមួយមន្រ្តីមូលដ្ឋាននីមួយៗ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវការលួចចូលមកកាន់មូលដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេសទាំងមូល។
ចប់ការសំណេះសំណាលលោករដ្ឋមន្រ្តី វង សូត បានប្រគល់អំណោយដែលចែកជូនដល់ស្រុកពញាក្រែក និងឃុំជាច នាឱកាសនោះ រួមមាន៖ ថវិកាចំនួន ១៥លានរៀល អង្គរ ៣តោន ត្រីខកំព៉ុង ៥កេះធំ មីខ្លាឃ្មុំក្រហម ៤០កេះធំ ទឹកត្រី ៣០យួរ ទឹកស៉ីអ៉ីវ ២០យួរ ទឹកសុទ្ធ Vital ៤០កេះ ក្រមា ១៥០ សារ៉ុង ១៥០ សាប៊ូ ១៥០ដុំ មុង១៥០ ភួយ១៥០ កន្ទេល ១៥០ ម៉ាស ៦កេះធំ ជែលលាងដៃ ៣កេះធំ ឧបករណ៍តេស្តកូវីដ និងអ្នកចូលរួមចំនួន ៧៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល៕