(កំពង់ចាម)៖ លោកឧកញ៉ា ឃុន សៀ អគ្គនាយកក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ដល់អំណោយជាអង្ករ ២០តោន និងមីចំនួន ១៥០កេស ជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ។
ជាមួយគ្នានេះដែរ មានសប្បុរសជនផ្សេងទៀត ក៏បាននាំអំណោយជាច្រើនផ្ដល់ជូនគណៈកម្មការខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះ មានលោកឧកញ៉ា ស៊ុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia Co.Ltd បានផ្ដល់អំណោយអាល់កុល ៥កាន ម៉ាសចំនួន ២៥ កេស មីចំនួន ១០០កេស និងត្រីខកំប៉ុង ១២កេសធំ។ រីឯតំណាងសមាគមសាសនាចក្រ នៃព្រះយ៉េស៊ូគ្រឹស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បាននាំអំណោយមានដូចជា អាវពេទ្យចំនួន ១០០ សម្រាប់ ម៉ាសចំនួន ៥០.០០០ ម៉ាស់ និងស្រោមដៃ១.០០០ ប្រអប់។
ដោយឡែក ខាងសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បាននាំអំណោយជាអង្ករចំនួន ៥តោន និង ព្រះអង្គ សេង ម៉េងលក្ខ័ណ ប្រធានលខាធិការរដ្ឋាន សាលាគណខេត្តកំពង់ចាម បានកៀងគរ ផ្នែកព្រះសង្ឃនិងបាននាំអំណោយជាទឹកបរិសុទ្ធចំនួន ១.៩៩០ យួរ ផ្ដល់ជូនប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាមផងដែរ។
ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ឃុន សៀ អគ្គនាយកក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន និងលោក-លោកស្រី សប្បុរសជនទាំងអស់ ដែលបានដឹកនាំអំណោយមកប្រគល់ជូន រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ចូលរួមការប្រយុទ្ធទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅខេត្តកំពង់ចាម៕