Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរសម្រេចបិទធនាគារកាថេ សាខាខេត្តព្រះសីហនុ រយៈពេល១៤ថ្ងៃបណ្ដោះអាសន្ន ក្រោយមានបុគ្គលិកកើតជំងឺកូវីដ

01-05-2021 12:45

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកដំណើរការអាជីវកម្មធនាគារ កាថេ យូណាយធីត សាខាខេត្តព្រះសីហនុ បណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ក្រោយរកឃើញបុគ្គលិកកើតជំងឺកូវីដ១៩។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាករបស់បុគ្គលិកធនាគារ កាថេ យូណាយធីត សាខាខេត្តព្រះសីហនុ ហើយលទ្ធផលបញ្ជាក់ថា មានវិជ្ជមានជំងឺកូវីដ១៩។

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកបណ្ដោះអាសន្នដំណើរការអាជីវកម្ម ធនាគារ កាថេ យូណាយធីត រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងអំឡុងពេល១៤ថ្ងៃនេះ សូមថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារទាំងអស់ សហការជាមួយក្រុមការងារ និងតម្រូវឲ្យផ្ដល់វត្ថុសំណាកដល់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ដើម្បីវិភាគរកមេរោគកូវីដ១៩ តាមការកំណត់។ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ត្រូវផ្អាកការចេញចូលជាដាច់ខាត ហើយត្រូវធ្វើចត្តាឡីស័ក នៅក្នុងលំនៅឋានរបស់ខ្លួន ដោយត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុង សម្រាប់អ្នកដែលធ្វើចត្តាឡីស័កឲ្យបានខ្ជាប់ខ្ជួន៕