(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមដំណើរលោក ម៉ៅ សឿត អធិការខណ្ឌ បានបន្តនាំយកកញ្ចប់បន្លែ មានសាច់ជ្រូក និងបន្លែស្រស់ៗជាច្រើនមុខ ដឹកតាមរថយន្តចុះចែកជូនដល់បងប្អូន ប្រជាពលរដ្ឋជិត១០០គ្រួសារ រស់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដែលប្រជាពលរដ្ឋទាំងនេះ បានផ្លាស់លំនៅពីសហគមន៍វាលស្បូវមក។
លោក ចេង មុនីរ៉ា ក៏បានណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលនូវអំណោយសប្បុរសធម៌ ត្រូវពាក់ម៉ាសការពារ និងរក្សាគម្លាត ហើយត្រូវទឹកបាញ់អាល់កុលលាងសម្អាតដៃ ពេលទទួលកញ្ចប់អំណោយរួច សូមចូលផ្ទះវិញរៀងៗខ្លួនផងដែរ។
លោកអភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា កន្លងមកលោកបានយកអំណោយជាអង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ មកផ្តល់ជូនជាច្រើនលើកមកហើយដែរ ហើយថ្ងៃនេះ លោកក៏បានយកកញ្ចប់បន្លែ សាច់ជ្រូក ទឹកត្រី ទឹកស៊ីអ៉ីវ មកជូនបងប្អូនទាំង ៩៦គ្រួសារទៀត ដើម្បីទុកដោះស្រាយជីវភាពរបស់បងប្អូន នាអំឡុងបិទខ្ទុបរាជធានី ដើម្បីកាត់ផ្តាច់ជំងឺកូវីដ១៩ ឲ្យដល់ប្ញសគល់។
លោក ចេង មុនីរ៉ា បានលើកឡើងថា អ្វីដែលរាជរដ្ឋាភិបាលធ្វើសព្វថ្ងៃនេះ គឺការពារអាយុជីវិតបងប្អូន ហើយអ្វីដែលសម្តេចតេជោ ហ៊ុន សែន និងសម្តឹចកិត្តិព្រឹទ្ធបណ្ឌិត គិតគូរដល់ជីវភាពបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺសម្តេចបានផ្តល់ជាអង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ។ ថ្ងៃនេះ រដ្ឋបាលខណ្ឌច្បារអំពៅ ដោយមានការជួយឧបត្ថម្ភពីសប្បុរសជន យើងបានរៀបចំជាកញ្ចប់បន្លែ មានសាច់ជ្រូលថែមទៀត សម្រាប់ជូនបងប្អូន។ ដូច្នេះទេ អ្វីដែលបងប្អូនខិតខំប្រឹងប្រែងអោយបាន គឺចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ហើយបងប្អូនកុំចេញទៅណាបើមិនចាំបាច់។ ដោយអាចការពារអាយុជីវិតយើងរួចផុតពីសេចក្តីស្លាប់ ដោយសារជំងឺកូវីដ។ យើងរូមគ្នាកាត់ផ្តាច់ជំងឺកូវីដ១៩ កុំឆ្លងមកកាន់សហគមន៍របស់យើង។
ក្នុងឱកាសនោះ លោក ចេង មុនីរ៉ា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើមានការខ្វះខាត សូមបងប្អូនផ្តល់ព័ត៌មាន តាមរយៈមេភូមិ តាមរយៈចៅសង្កាត់ ដើម្បីអាជ្ញាធរមានលទ្ឋភាពជួយដោះស្រាយជូនបងប្អូនបានទាន់ពេលវេលា។
លោក ចេង មុនីរ៉ា បានអោយដឹងថា គិតមកដល់ពេលនេះ ក្នុងខណ្ឌច្បារអំពៅ មានអ្នកស្លាប់ដោយជម្ងឺកូវីដ១៩ ចំនួន ៧នាក់ហើយ។ ចំណែកអ្នកមានវិជ្ជមានកូវីដ១៩វិញ បានកើនឡើងរហូតដល់៣០២នាក់ហើយដែរ។ ដូច្នេះទេសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុនសែន គឺ «៣កុំ និង៣ការពារ»។ ពិសេសកុំចាកចេញពីផ្ទះ យើងត្រូវតែយកឈ្នះកូវីដ១៩ឲ្យបាន៕