(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ រួមនិងអង្គការសង្គមស៊ីវិល ជាដៃគូផងដែរឲ្យរួមគ្នាលើកកម្ពស់សិទ្ធិស្រ្តីកម្ពុជា និងបានដាក់ចេញនូវផែនការចំនួន ៧ចំណុច ឲ្យក្រសួងស្ថាប័ន និង អង្គការសង្គម ស៊ីវិលជាដៃគូអនុវត្តន៍ ដើម្បីជួយឲ្យស្ថានភាពរស់នៅរបស់ស្រ្តីកម្ពុជា បានកាន់តែល្អប្រសើរ។
ការថ្លែងអំពាវនាវរបស់សម្តេចតេជោ បានធ្វើឡើងក្នុងឱកាស ដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៥ នៅវិមានសន្តិភាពនាព្រឹកមិញនេះ។ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានរំពឹងថា ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកិច្ចការនារី នឹងប្រឹងប្រែងរួមគ្នាធ្វើការលើកកម្ពស់សិទ្ធិ និងការងាររបស់ស្ត្រីកម្ពុជា ឲ្យមានប្រសិទ្ធភាព។
ផែនការ ៧ចំណុច ដែលសម្តេចតេជោ បានដាក់ចេញ ដើម្បីជាប្រយោជន៍សម្រាប់ស្រ្តីកម្ពុជានេះ រួមមាន៖
១. ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបញ្ចូលសកម្មភាព ដែលបានឯកភាពគ្នាក្នុងផែនការនារីរតនៈទី៤ និង ផែនការជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ទៅក្នុងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ហើយត្រូវបែងចែកថវិកាសម្រាប់អនុវត្តន៍ និង ពិនិត្យតាមដានការងារនេះ ឲ្យមានប្រសិទ្ធភាព។
២. នៅពេលរៀបចំផែនការយុទ្ធសាស្រ្តថវិកា និង ផែនការប្រចាំឆ្នាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវណែនាំដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ ឲ្យបញ្ជាក់ពីលទ្ធផលក្នុងឆ្នាំ និងលទ្ធផលចុងក្រោយនីមួយៗអំពីអត្ថប្រយោជន៍ ដែលស្រ្តី និងក្រុមជនងាយរងគ្រោះបានទទួល។
៣. អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សូមបន្តរៀបចំផែនការសកម្មភាពរបស់ខ្លួនឲ្យស្របទៅនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ផែនការនារីរតនៈទី៤ និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ជាពិសេសអភិក្រមគ្រប់គ្រងទូទាំងកម្មវិធីសម្រាប់សមភាពយេនឌ័រ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីទទួលបានប្រសិទ្ធភាពរួមគ្នា។
៤. គណនយោបាយគួរដាក់បេក្ខភាពស្រ្តីនៅលំដាប់លេខរៀង ដែលអាចជាប់ក្នុងការបោះឆ្នោត ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅពេលខាងមុខ។
៥. ក្រសួងស្ថាប័ន ពាក់ព័ន្ធត្រូវបន្តអប់រំ បណ្តុះបណ្តាល និងកសាងសមត្ថភាពធនធានស្រ្តី ដែលត្រូវបន្តពង្រឹងគុណភាព នៃការអប់រំ ពិសេសការអប់រំស្រ្តីវ័យក្មេង និងក្មេងស្រី ដើម្បីធ្វើឲ្យប្រសើរឡើងនូវភាពអង់អាចក្លាហានផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី ឲ្យកាន់តែប្រសើរឡើង និងពង្រឹងសម្ព័ន្ធភាពរវាងមាតា បិតា និងគ្រឹះស្ថានសិក្សា ឲ្យកាន់តែមានប្រសិទ្ធភាព។
៦. យុវជន យុវនារី ត្រូវខិតខំរៀនសូត្រប្រកាន់ខ្ជាប់នូវសិលធម៌ និងត្រូវប្រែក្លាយចំណេះដឹង ជំនាញ និងបទពិសោធន៍ទាំងឡាយឲ្យផលិតភាពខ្ពស់ ទទួលបាននូវការងារមានតម្លៃបន្ថែម ដែលអាចប្រកួតប្រជែងជាមួយទីផ្សារនៅក្នុងតំបន់ស្របទៅនឹងបរិការ និងបច្ចុប្បន្នភាព នៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិ។
៧. វិស័យឯកជនសូមបន្តចូលរួមចំណែកជួយលើកកម្ពស់សមភាពយេនឌ័រ និងមានភាពបត់បែនឲ្យមានតុល្យភាពរវាងការងារ និងគ្រួ សារ ព្រមទាំងសហការជាមួយស្ថាប័នចាត់វិធានការក្នុងការបង្កបរិយាកាសការងារ និងបង្កើតលក្ខខណ្ឌការងារសមរម្យសម្រាប់ស្រ្តី៕
https://www.facebook.com/profile.php?id=100006751770755