(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសារអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ក្រហមទាំងអស់ ដែលនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងចៀសវាងនៅកន្លែងទទួលវ៉ាក់សាំង ដែលអាចចម្លងកូវីដ១៩។
ការចេញសារអំពាវនាវនេះ បានធ្វើឡើងស្របពេលដែល ក្រសួងការពារជាតិ កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ នៅតំបន់ក្រហម ដែលចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ តទៅ។
តាមសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងវីដ-១៩ នាពេលនេះ ក៏បាន និងកំពុងតែប្រព្រឹត្ត ទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង ដែលរស់នៅក្នុងខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌពោធិសែនជ័យ ក្នុងរាជធានីភ្នំពេញ បានទទួលវ៉ាក់សាំងកូដ-១៩ នេះ គ្រប់ៗគ្នារួចរាល់ទាំង២ដូស មិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេស នោះឡើយ។ ដូច្នេះ សូមប្រជាពលរដ្ឋនៅតាមខណ្ឌទាំង៤ខាងលើ មេត្តារក្សាសណ្តាប់ធ្នាប់ល្អ មានវិន័យ ត្រឹមត្រូវ រក្សាបាននូវវិធានការការពារ (ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១,៥ម៉ែត្រឡើង) ជាចាំបាច់មានការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ។
លោកស្រីបន្តថា៖ «ប្រសិនបើមិនទាន់ដល់ជនរបស់ខ្លួនទេនោះ មិនត្រូវមកប្រជ្រៀតគ្នា សូមមេត្តារង់ចាំដល់ជន ដល់ថ្ងៃកំណត់ដែល រៀបចំដោយអាជ្ញាធរមូលដ្ឋាន ចៀសវាងការមកជាន់ពេលគ្នានៅថ្ងៃតែមួយ ធ្វើឱ្យមានការកកកុញមនុស្សច្រើន ដែលអាចចម្លងជំងឺកូវីដ-១៩ បានគ្រប់ពេលវេលានៅទឹកកកុញនោះ និងត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត ហើយនឹង ត្រូវចងចាំថា “យើងមកទទួលយកវ៉ាក់សាំងកូវីដ-១៩ មិនមែនមកទទួលយករើសកូវីដ-១៩ មុនពេលបានចាក់ វ៉ាក់សាំងនោះឡើយ”»។
លោកស្រី បានបន្ថែមទៀតថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺដើម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ កាត់បន្ថយបាន នូវអត្រាសម្រាកពេទ្យ និងអត្រាស្លាប់ ដែលបណ្តាលមកពីការវាយលុកនៃសត្រូវអត់ស្រមោលកូវីដ-១៩ នៅក្នុង សរីរាង្គកាយរបស់យើង ហើយយើងក៏មិនចង់មកទទួលយកការចម្លងវីរុសកូវីដ-១៩ នៅកន្លែងដែលប្រជ្រៀតគ្នា ដើម្បីចាក់វ៉ាក់សាំងនេះដែរ។ សុខភាពរបស់បងប្អូន គឺបានមកពីការអនុវត្តការការពារផ្ទាល់ខ្លួន ដោយមិនមាន អ្នកណាអាចជួយធ្វើជំនួសបានឡើយ ការឆ្លងជំងឺកូវីដ-១៩ ឬមិនឆ្លង អាស្រ័យលើបុគ្គលផ្ទាល់ដែលជាអ្នកអនុ វត្តនូវវិធានការការពារកុំឱ្យមានការចម្លងវីរុសកូវីដ-១៩។
លោកស្រីបញ្ជាក់បន្ថែមទៀតថា កុំភ្លេចថា បុគ្គល គឺជាអ្នកការពារសុខភាពដ៏ចំណានម្នាក់ សម្រាប់ធ្វើឱ្យបានល្អប្រសើរឡើងនូវសុខ ភាពបុគ្គលផ្ទាល់ខ្លួនឯង រីឯ គ្រូពេទ្យ គឺគ្រាន់តែជាអ្នកជួយសង្គ្រោះអាយុជីវិតបុគ្គលណាម្នាក់ នៅពេលដែល បុគ្គលនោះ មានជំងឺ ឬកំពុងតែឈឺហើយតែប៉ុណ្ណោះ ជួនកាលជួយបានរួចផុតពីសេចក្តីស្លាប់ ជួនកាលជួយមិន បាន ក៏មានការស្លាប់បាត់បង់ជីវិត។ វីរុសកូដ-១៩ នេះ នឹងបន្តរស់នៅជាមួយយើងជាយូរអង្វែងទៀត ដែលតម្រូវ ឱ្យបុគ្គលម្នាក់ៗ ត្រូវចេះ រស់នៅធម្មតាតាមបែបគន្លងថ្មី និងមិនត្រូវមានការធ្វេសប្រហែសនោះឡើយ។
លោកស្រីបាន ជូនពរដល់ប្រជាពលរដ្ឋទាំងអស់ នូវសុខភាពល្អ សំណាងល្អទាំងអស់គ្នា ដែលបាន មកពីការអនុវត្តវិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងដោយសុវត្តិភាព និងមានវេនចាក់ត្រឹមត្រូវ + នៅផ្ទះ (ប្រសិនបើមិនមានការងារចាំបាច់អ្វីទេនោះ មិនត្រូវចេញដើរក្រៅផ្ទះឡើយ) និងបានចៀសផុតពីការគម្រាម កំហែងសុខភាពសាធារណៈនៃជំងឺកូដ-១៩ នេះ គ្រប់ៗគ្នា។
បើតាមលោកស្រី ឱ វណ្ណឌីន, វ៉ាក់សាំងស៊ីណូរ៉ាក់ និងស៊ីណូហ្វាម ចំនួន ៩០ម៉ឺនដូស (សម្រាប់ដូសទី១ និងដូសទី២) ត្រូវបាន ប្រគល់ជូនទៅ អនុគណកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ដោយ គ.វ.ក-១៩ រួចហើយដែរ។
អាជ្ញាធរមូលដ្ឋាន នឹងមានការចាត់ចែងឱ្យបងប្អូនដែលមានអាយុ ១៨ឆ្នាំឡើងបានមកចាក់វ៉ាក់សាំងនេះ ដោយមានវេន មានពេលវេលា និងទៅតាមថ្ងៃនិមួយៗ ដើម្បីបញ្ចៀសបាននូវការកកស្ទះមនុស្ស ដែលអាចជា ការបង្កហានិភ័យនៃការចម្លងជំងឺកូវីដ-១៩៕