(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌសែនសុខ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញប្រកាសព័ត៌មានដោយច្រានចោលខ្លឹមសារខុសពីការពិត បង្ហោះតាមបណ្តាញសង្គម Facebook ដែលថាប្រជាពលរដ្ឋនៅតំបន់បិខ្ទប់ ត្រូវដាច់ស្បៀង ហើយមិនបានទទួលអំណោយពីអាជ្ញាធរ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសខណ្ឌសែនសុខ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកឈ្មោះ «អ្នកស្រែមិនប្តូរចិត្តថ្មី» បានបង្ហោះសារជាវីឌីអូ ដោយភ្ជាប់មកជាមួយរូបភាពរបស់លោក វឿន ទិត ដែលមានទីលំនៅក្រុមទី១ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ដែលមានខ្លឹមសារថា «អ្នកនៅក្នុងបន្ទប់ជួល ត្រូវបានបិទខ្ទប់២០ថ្ងៃហើយ និងត្រូវបន្ត១៤ថ្ងៃទៀត ដាច់ភ្លៀងហើយ...»។
ចំពោះករណីខាងលើនេះ រដ្ឋបាលខណ្ឌសែនសុខ សូមធ្វើការស្រាយបំភ្លឺជូនសាធារណជនដូចខាងក្រោម៖
លោក វឿន ទិត រស់នៅក្នុងបន្ទប់ជួលក្រុមទី១ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទីតាំងនេះ ត្រូវបានអនុវត្តវិធានការបិទខ្ទប់នៅវេលាម៉ោង០០:០០នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដូចប្រជាពលរដ្ឋដទៃទៀត ក្នុងរាជធានីភ្នំពេញផងដែរ។ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅប្លុកដែល លោក វឿន ទិត រស់នៅត្រូវបានរកឃើញអ្នកដែលមានវិជ្ជមានជំងឺកូវីដ-១៩ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ដូចនេះអ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល ត្រូវបានយកសំណាក ហើយបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃបន្តទៀត។
ក្រោយពីបានទទួលពត៌មាន រដ្ឋបាលខណ្ឌសែនសុខបានចាត់ក្រុមការងារនាំយកអំណោយសង្គ្រោះ ទៅប្រគល់ជូនអ្នកដែលនៅតំបន់ខាងលើចំនួន២៥គ្រួសារ ទាំងយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។ ដូចនេះរដ្ឋបាលខណ្ឌ សូមធ្វើការច្រានចោលទាំងស្រុងចំពោះវីឌីអូដែលបានផ្សព្វផ្សាយ ដោយគណនីឈ្មោះ អ្នកស្រែមិនប្តូរចិត្តថ្មីបានធ្វើឲ្យមានការយល់ច្រលំថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើ ត្រូវបានបិទខ្ទប់រយៈពេល២០ថ្ងៃហើយ និងត្រូវបានបន្តរយៈពេល១៤ថ្ងៃទៀត។
ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌនឹងខិតបន្តទៀត ក្នុងការដឹកជញ្ជូនអំណោយសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងមូលដ្ឋានអោយបានគ្រប់គ្នា និងឆាប់រហ័សបំផុត៕