(ភ្នំពេញ)៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៣៥០០កេសបន្ថែមទៀត ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
គោលបំណងនៃការឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជានេះ គឺដើម្បីជួយបំពេញតម្រូវការប្រើប្រាស់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលកំពុងបំពេញភារកិច្ចព្យាបាលអ្នកជំងឺកូវីដ-១៩ នៅសណ្ឋាគារក្រេតឌុក មន្ទីរពេទ្យហ្លួងម៉ែ មណ្ឌលព្យាបាលកោះពេជ្រ និងមណ្ឌលព្យាបាលទួលពង្រ ព្រមទាំងយកទៅប្រើប្រាស់អំឡុងពេលចុះយកសំណាក និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស សង្ឃឹមថា ការឧបត្ថម្ភនេះនឹងអាចផ្ដល់ជាកម្លាំងចិត្តដល់ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យ ដែលជាទ័ពជួរមុខរបស់កម្ពុជា កំពុងប្រយុទ្ធមិនដកដៃក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩»។
ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខ្មែរ ប៊ែវើរីជីស នឹងបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ជាបន្តបន្ទាប់ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) សម្រាប់ប្រើប្រាស់តាមតម្រូវការរបស់ក្រុមគ្រូពេទ្យ និងពលរដ្ឋ ក្នុងបេសកកម្មព្យាបាលជំងឺកូវីដ-១៩នេះ៕